រដ្ឋបាលមូលដ្ឋាននៅប្រទេសចិនកំពុងកាត់បន្ថយចំនួនលំនៅដ្ឋានលើសតម្រូវការទីផ្សារដើម្បីស្តារទំនុកចិត្ត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសចិនត្រូវចាត់ទុកការកាត់បន្ថយចំនួនលំនៅដ្ឋានលើសតម្រូវការ ជាអាទិភាពដើម្បីស្តារទំនុកចិត្តអ្នកទិញ និងទប់ស្កាត់មិនឱ្យតម្លៃផ្ទះធ្លាក់ចុះពេញមួយឆ្នាំ២០២៥នេះទៀត។

ចាប់តាំងពីទីក្រុងប៉េកាំងបានបញ្ចេញកញ្ចប់មូលនិធិចំនួន៣០០ពាន់លានយ័ន (ប្រហែល៤០,៩ពាន់លានដុល្លារ) ដើម្បីជួយលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋានទិញយកផ្ទះដែលលក់មិនដាច់ អាជ្ញាធរក្នុងទីក្រុងចំនួនជាង៣០ បានកាត់បន្ថយនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងតំបន់មូលដ្ឋានរបស់ពួកគេ។

ប៉ុន្តែ ទីក្រុងនានាផ្សេងទៀតមិនបានសម្រេចតាមគោលដៅរបស់ខ្លួននោះទេ។

លោក John Lam ប្រធានផ្នែកស្រាវជ្រាវអំពីទីផ្សារអចលនទ្រព្យចិន និងហុងកុងនៅធនាគារ UBS បានអះអាងថា “ការទិញលំនៅដ្ឋានដែលលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍នៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់អាជ្ញាធរមូលដ្ឋាននៅឆ្នាំនេះ”។

លោកបានបន្តថា “ការផ្គត់ផ្គង់លើសតម្រូវការនឹងត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតមួយប្រកបដោយសុខភាពល្អនៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ប្រសិនបើក្នុងករណីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមានលទ្ធភាពទូទាត់សងបំណុល”។

ការផ្គត់ផ្គង់ផ្ទះថ្មីបន្ថែមនៅតាមទីក្រុងធំៗចំនួន៥០របស់ប្រទេសចិន បានដាំក្បាលចុះជាមធ្យមប្រមាណ៣០ភាគរយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមស្ថាប័ន ​​China Index Academy ។

ស្ថាប័នខាងលើនេះបានបញ្ជាក់បន្ថែមថា អាជ្ញាធរទីក្រុងធំៗទាំងនោះនឹងចំណាយពេលលើសពី២១ខែ ដើម្បីកាត់បន្ថយចំនួនលំនៅដ្ឋាន ដែលលក់មិនដាច់ឱ្យអស់ពីទីផ្សារ។

ជាក់ស្ដែង ទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ភាគខាងជើងនៃប្រទេសចិន និងជាទីតាំងរោងចក្រផលិតកម្មទូរសព្ទ iPhone ដ៏ធំបំផុត នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Apple ស្ថិតក្នុងចំណោមទីក្រុងផ្សេងទៀត ដែលសម្រេចបានវឌ្ឍនភាពយ៉ាងលឿនក្នុងគម្រោងទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ដែលជាប់គាំងសាច់ប្រាក់។

រដ្ឋបាលទីក្រុង Zhengzhou បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទិញផ្ទះលក់មិនដាច់ចំនួន១មុឺនយូនីតលើសពីគោលដៅនៅក្នុងឆ្នាំ២០២៤ ដោយចាក់បញ្ចូលសាច់ប្រាក់ដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here