ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាគលាភនៃការជួលអាផាតមុិន (Rental yields) នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងតាមពីក្រោយដៃគូផ្សេងទៀតក្នុងតំបន់។
យោងតាមទិន្នន័យពីវេទិកាជួញដូរអចលនទ្រព្យ Batdongsan បានបង្ហាញថា ភាគលាភនៃការជួលអាផាតមុិននៅទីក្រុងហូជីមិញបានធ្លាក់ចុះពីចំនួន៤,៦ភាគរយនៅឆ្នាំ២០២៣ មកនៅត្រឹមអត្រាចន្លោះពី៣,៨ភាគរយទៅ៤ភាគរយនាពេលបច្ចុប្បន្ន។
ប្រសិនបើធ្វើការប្រៀបធៀបគ្នា ភាគលាភនៃការជួលអាផាតមុិននៅក្នុងទីក្រុងហូជីមិញមានកម្រិតទាបជាងនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ដែលមានភាគលាភចំនួន៦ភាគរយ ខណៈហ្វីលីពីន និងម៉ាឡេស៊ីមានភាគលាភចំនួន៥ភាគរយ។
-->
លោក Dinh Minh Tuan អគ្គនាយកវេទិកា Batdongsan ប្រចាំតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម បានមានប្រសាសន៍ឱ្យដឹងថា គម្លាតកាន់តែធំរវាងតម្លៃជួល និងតម្លៃលក់ បានធ្វើឱ្យការជួលអាផាតមុិនក្លាយជាជម្រើសវិនិយោគដែលមិនសូវមានភាពទាក់ទាញ។
តួយ៉ាង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃលក់អាផាតមុិននៅក្នុងប្រទេសវៀតណាមបានហក់ឡើង៥៩ភាគរយ ខណៈដែលតម្លៃជួលអាផាតមុិនប្រចាំខែបានកើនឡើងក្នុងអត្រាត្រឹមតែ១០ភាគរយទៅ១៥ភាគរយប៉ុណ្ណោះ។
កាលពីឆ្នាំ២០២៤ តម្លៃអាផាតមុិនសម្រាប់លក់នៅក្នុងទីក្រុងហូជីមិញបានកើនឡើង១៧ភាគរយ ខណៈដែលតម្លៃជួលបានកើនឡើងត្រឹមតែ៣ភាគរយទៅ១០ភាគរយប៉ុណ្ណោះ។
ទីផ្សារជួលក៏បានជួបប្រទះការលំបាកផងដែរ ដោយសារតម្រូវការបានធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាត ហើយវិស័យទេសចរណ៍ក៏ទើបតែងើបឡើងវិញនាពេលថ្មីៗនេះ ខណៈសេដ្ឋកិច្ចនៅតែបន្តប្រឈមមុខនឹងបញ្ហាជាច្រើន។
លោកស្រី Duong Thanh Ha នាយិកាផ្នែកលក់នៅក្រុមហ៊ុនប្រឹក្សាជំនាញផ្នែកជួលអាផាតមុិន Realty Home បានកត់សម្គាល់ថា ចំនួនជាង៧០ភាគរយនៃអាផាតមុិនសម្រាប់ជួលនៅក្នុងទីក្រុងហូជីមិញសុទ្ធតែជាការជួលបណ្តោះអាសន្ន។
លោកស្រីបញ្ជាក់បន្ថែមថា “អ្នកវិនិយោគគ្រាន់តែជួលអាផាតមុិនរបស់ខ្លួនទៅឱ្យអតិថិជនដើម្បីរ៉ាប់រងលើថ្លៃថែទាំប៉ុណ្ណោះ ខណៈពួកគេរង់ចាំលក់ចេញ នៅពេលទីផ្សារហក់ឡើងថ្លៃ”៕ប្រភព:Vnexpress៕