ពលរដ្ឋឥណ្ឌូនេស៊ីងាកទៅទិញផ្ទះនៅជាយក្រុង ខណៈទីផ្សារលំនៅដ្ឋានក្នុងទីក្រុងហ្សាការតាហក់ឡើងថ្លៃកប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្លាតទ្រព្យសម្បត្តិនៅទីក្រុងហ្សាការតាក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្ហាញឱ្យឃើញកាន់តែច្បាស់បំផុត ខណៈពលរដ្ឋឥណ្ឌូនេសុី ដែលមានប្រាក់ចំណូលទាប ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញលំនៅដ្ឋាននៅទីក្រុងមួយនេះ។

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ចំនួនមិនដល់ពីរភាគបីនៃប្រជាជននៅក្នុងទីក្រុងហ្សាការតាមានផ្ទះសមរម្យមួយសម្រាប់រស់នៅ។ នេះជាតួលេខទាបបំផុតបើធៀបនឹងខេត្តផ្សេងទៀត។

យោងតាមការស្ទង់មតិរបស់សកលវិទ្យាល័យឥណ្ឌូនេស៊ី(University of Indonesia) បានរកឃើញថា តម្លៃផ្ទះជាមធ្យមនៅទីក្រុងហ្សាការតាមានទំហំទឹកប្រាក់ស្មើនឹងចំនួន២០ដងនៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋឥណ្ឌូនេសុីក្នុងមួយនាក់។

ដោយសារតែតម្លៃខ្ពស់កប់ពពកបែបនេះ ពលរដ្ឋឥណ្ឌូនេស៊ីភាគច្រើនបានងាកទៅទិញផ្ទះនៅក្នុងខេត្តជាប់នឹងទីក្រុងហ្សាការតា។ តួយ៉ាង លោក Rizqi Arifuddin បានចំណាយពេលមួយម៉ោង ដើម្បីធ្វើដំណើរតាមរថភ្លើងពីផ្ទះរបស់លោកក្នុងខេត្ត West Java មកកាន់ការិយាល័យធ្វើការនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងទីក្រុងហ្សាការតា។

ដោយសារទំហំដីធ្លីទំនេរនៅមានកម្រិត ដែលពោរពេញដោយអគារខ្ពស់ៗកប់ពពក និងចរាចរណ៍មមាញឹក ជាហេតុនាំឱ្យតម្លៃផ្ទះនៅទីក្រុងហ្សាការតាហក់ឡើងថ្លៃយ៉ាងគំហុក។

លោក Yayat Supriyatna អ្នកជំនាញរៀបចំផែនការទីក្រុងមកពីសាកលវិទ្យាល័យ Trisakti ក្នុងទីក្រុងហ្សាការតាបានលើកឡើងថា “នេះជាការពិត។ ពេលនេះ មនុស្សជាច្រើនកំពុងប្រកួតប្រជែងគ្នាទិញលំនៅដ្ឋាន ដែលស្ថិតនៅជិតមធ្យោបាយធ្វើដំណើរងាយស្រួល”។

ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាននេះ ចាប់ពីឆ្នាំ២០២៧ខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងតម្រូវឱ្យនិយោជិត ចូលរួមបង់វិភាគទានចំនួន៣ភាគរយនៃប្រាក់បៀវត្សរ៍របស់ខ្លួនដល់មូលនិធិសន្សំ ដែលពួកគេអាចដកយកទៅប្រើប្រាស់ដើម្បីទិញលំនៅដ្ឋាន៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here