ដោយ: គង់ លាងហួរ
សេអ៊ូល: ស្ថានការណ៍ជាប់គាំងនយោបាយនៅប្រទេសកូរ៉េខាងត្បូងបានអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រោយពីប្រធានាធិបតីព្យួរតំណែងលោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដោយបានបញ្ជូនទាហាន អមដោយឧទ្ធម្ភាគចក្រទៅកាន់អគារសភាជាតិ។
គិតមកទល់ពេលនេះ បើទោះបីជាលោក Yoon ត្រូវចាប់ខ្លួនយ៉ាងណាក្តី ប៉ុន្តែនីតិវិធីនៃដំណើរក្តីរបស់លោកនៅមិនទាន់បានបញ្ចប់នៅឡើយទេ។ អាជ្ញាធរអាចចំណាយពេល៤៨ម៉ោងបន្តទៀត ដើម្បីសាកសួរ ហើយយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាចំនួន២០ថ្ងៃទៀត ដើម្បីកសាងសំណុំរឿងថា តើត្រូវឃុំខ្លួនឬក៏ដោះលែងរូបលោក Yoon Suk Yeol?។
បើក្រឡេកទៅមើលភាពចលាចលក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ដោយសារការប្រកាសរបស់លោក Yoon ដាក់ប្រទេសឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក ក្នុងគ្រានោះបានរយៈពេល៦ម៉ោងប៉ុណ្ណោះ។
-->
ប៉ុន្តែ ការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងក្រុមមន្រ្តី និងប្រជាពលរដ្ឋ ដោយលោក Yoon Suk Yeol បានអះអាងថា ការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកនេះ បណ្តាលមកពីមានកម្លាំងចារកម្មបង្កប់របស់ប្រទេសកូរ៉េខាងជើងនៅប្រទេសកូរ៉េខាងត្បូង ដែលមានគោលដៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

តើមានអ្វីកើតឡើងខ្លះនៅក្នុងប្រទេសកូរ៉េខាងត្បូង មុនពេលដែលក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយ សម្រុកចូលចាប់ខ្លួនលោក Yoon Suk Yeol?។
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដែលបានទាញប្រទេសកូរ៉េខាងត្បូងឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ ប៉ុន្តែ លោក Yoon បានអះអាងថា “ចំណាត់ការនេះជាកិច្ចការពារប្រទេសទៅវិញទេ ដើម្បីបញ្ចៀសពីការគំរាមកំហែងរបស់កូរ៉េខាងជើង”។
លុះឈានចូលដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសមាជិកសភាមកពីគណបក្សប្រឆំាងបានដាក់ញ្ញត្តិដើម្បីទាមទារឱ្យមានការចោទប្រកាន់លោកប្រធានាធិបតីជាផ្លូវការ ក្រោមបទចោទប្រកាន់ថា ទង្វើនេះជាការបះបោរ។ចាប់ពីពេលនោះមក អាជ្ញាធរនគរបាលចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើលោក Yoon រួមទាំងបទល្មើសដទៃទៀត។

លុះមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon បានលេចមុខសារជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ជាតិ ដោយបានថ្លែងសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងទាំងមូល។ ក្រោយមក ស្រាប់តែមានប្រជាពលរដ្ឋរាប់រយពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដើម្បីសម្តែងការមិនពេញចិត្តនៅខាងក្រៅអគារសភាជាតិ។
លុះនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់លោកបានលាលែងចេញពីមុខតំណែងភ្លាមៗ។ នៅពេលនោះ ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងបានលើកឡើងថា ពួកគេនឹងព្យាយាមធ្វើការចោទប្រកាន់ទៅលើលោក Yoon បន្តទៀត។
លុះមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងចំណោមសមាជិកសភាកូរ៉េខាងត្បូងសរុបចំនួន៣០០នាក់ មានសមាជិកសភាចំនួន២០៤នាក់បានបោះឆ្នោតធ្វើការចោទប្រកាន់លើលោក Yoon ដើម្បីព្យួរតំណែងប្រធានាធិបតី ខណៈតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងមានរយៈពេល៦ខែដើម្បីកាត់សេចក្តីលើបញ្ហានេះ ស្របពេលលោកនាយករដ្ឋមន្រ្តី Han Duck-soo ក្លាយជាប្រធានាធិបតីស្តីទី។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេសង្កេតឃើញមានការបោះឆ្នោតធ្វើការចោទប្រកាន់ជាលើកទី២ បន្តទៀត ដោយមានការិយាល័យស៊ើបអង្កេតប្រឆាំងអំពើពុករលួយចាត់ការបន្ត តាមរយៈការកោះហៅជាលើកទី៣ចំពោះលោក Yoon ដើម្បីធ្វើការសាកសួរចំនួន២ដងក្នុងមួយសប្តាហ៍។

នៅថ្ងៃទី២៧ ខែធ្នូ ដដែល សមាជិកសភាបានធ្វើការបោះឆ្នោតចោទប្រកាន់លើលោក Han Duck-soo ដោយសារ ប្រធានាធិបតីស្តីទីរូបនេះបដិសេធមិនចុះហត្ថលេខាលើសំណើរច្បាប់ពិសេសដើម្បីបើកផ្លូវធ្វើការស៊ើបអង្កេតលើលោក Yoon។ ក្រោយមក លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Choi Sang-mok បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីជំនួសលោក Han Duck-soo។
ឈានចូលមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមមន្រ្តីស៊ើបអង្កេត និងរដ្ឋអាជ្ញាបានចេញដីកា ចាប់ខ្លួនលោក Yoon ដោយសាររូបលោកមិនព្រមឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមអ្នកស៊ើបអង្កេតជាលើកទី៣។
លុះចូលមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកស៊ើបអង្កេតប្តេជ្ញាថានឹងអនុវត្តន៍ដីការឃាត់ខ្លួន ខណៈមនុស្សជាច្រើនរយនាក់ជាក្រុមគាំទ្រលោក Yoon បានមករារំាង ដោយមិនអនុញ្ញាតឱ្យមានការអនុវត្តន៍ដីកាឃាត់ខ្លួន។
ដោយឡែក នៅថ្ងៃទី៣ ខែមករា ក្រុមអ្នកស៊ើបអង្កេតបានប៉ុនប៉ងធ្វើការចាប់ខ្លួនជាលើកដំបូង។ ប៉ុន្តែ ចេតនានេះត្រូវរារាំងដោយឆ្មាំសន្តិសុខរបស់លោក Yoon ដោយបង្កឱ្យមានភាពតានតឹងអស់រយៈពេល៦ម៉ោង។
នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០២៥ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងបានសម្រេចបើកសវនាការកាត់ក្តីលើរូបលោក Yoon Suk Yeol។ ប៉ុន្តែ លោកមិនបានបង្ហាញមុខទេ។ ដូច្នេះ តុលាការក៏បានពន្យារពេលសវនាការដល់ថ្ងៃទី៤ ខែកុម្ភៈខាងមុខ។

លុះនៅព្រឹកថ្ងៃទី១៥ ខែមករា ក្រុមមន្រ្តីស៊ើបអង្កេតបានព្យាយាមម្តងទៀតដើម្បីសម្រុកចូលទៅចាប់ខ្លួនលោក Yoon ក្នុងគេហដ្ឋានរបស់លោក ខណៈក្រុមអ្នកគាំទ្ររបស់លោក Yoon បានព្យាយាមរារាំងបន្តទៀត ដោយមិនអនុញ្ញាតឱ្យចូលទៅចាប់ខ្លួនឡើយ ។
មិនយូរប៉ុន្មាន លោក Yoon ក៏បានសម្រេចប្រគល់ខ្លួនឱ្យមន្រ្តីស៊ើបអង្កេតអនុវត្តន៍ដីកាចាប់ខ្លួនរូបលោកផ្ទាល់ ដោយបានលើកឡើងថា លោកមិនចង់ឃើញមានការបង្ហូរឈាម រវាងក្រុមអ្នកគាំទ្ររូបលោក និងក្រុមជំទាស់ឡើយ។ ក្រោយមក លោក Yoon ត្រូវគេនាំខ្លួនទៅកាន់ការិយាល័យស៊ើបសួរទៅតាមនីតិវិធីបន្ត។
តើលោក Yoon Suk Yeol អាចមានសង្ឃឹមវិលមកកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងឡើងវិញដែរឬទេ?។
ក្រុមអ្នកវិភាកលើកឡើងថា ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា លោក Yoon មិនអាចត្រូវបានចោទប្រកាន់ទេ។ នោះ រូបលោកនឹងមានសេរីភាពក្នុងការបន្តតួនាទីជាប្រធានាធិបតីឡើងវិញ បើទោះបីជាមិនមានប្រជាប្រិយភាពខ្លាំងពីសាធារណជនយ៉ាងណាក្តី។
ជាក់ស្ដែង ការស្ទង់មតិបានបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូងចំនួនជាង៦០ភាគរយសម្តែងការគាំទ្រចំពោះការចោទប្រកាន់ដកតំណែងនេះ។
ប៉ុន្តែ ប្រសិនបើតុលាការសម្រេចថា ការចោទប្រកាន់នេះមានភាពត្រឹមត្រូវ នោះលោក Yoon នឹងត្រូវចុះចេញពីតំណែង ហើយនឹងមានការរៀបចំបោះឆ្នោតក្នុងរយៈពេលពីរខែបន្ទាប់។
ក្រុមអ្នកវិភាគអះអាងថា មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung មានអត្រាគាំទ្រជាសាធារណៈត្រឹមតែ៣២ភាគរយ ដោយសារលោក កំពុងជាប់ក្នុងសំណុំរឿងផ្លូវច្បាះប់ចំនួន៤ និងសំណុំរឿងពុករលួយ។
ដោយឡែក អត្រានៃការគាំទ្រជាសាធារណៈចំពោះលោក Yoon នៅតែមានកម្រិតខ្ពស់មិនគួរឱ្យជឿប្រមាណ៣០ភាគរយ ទោះបីជារូបលោកមានបញ្ហានយោបាយ និងរងការចោទប្រកាន់ផ្លូវច្បាប់យ៉ាងណាក្តី។ការណ៍នេះមានន័យថា ចំនួនមួយភាគបីនៃអ្នកបោះឆ្នោតមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ៕ប្រភព: DW៕