ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានអះអាងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើងនៅឆ្នាំ២០២៥នេះ ដោយផ្តោតលើកត្តាចំនួន៣យ៉ាងសំខាន់ៗ រួមមានដូចជា និរន្តរភាព ការច្នៃប្រឌិត និងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបញ្ជាក់ថា ការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងតំបន់ Klang Valley រដ្ឋ Johor និងរដ្ឋ Penang កំពុងជំរុញទីផ្សារអចលនទ្រព្យឆ្ពោះទៅមុខ ជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្ត និងការបន្តកើនឡើងនៃតម្រូវការប្រកបដោយសុទិដ្ឋិនិយម។
លោកស្រី Judy Ong នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Knight Frank Malaysia បានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានជំរុញដោយតម្រូវការលំនៅដ្ឋានប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការកើនឡើងនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ និងការងើបឡើងវិញនៃផ្នែកបដិសណ្ឋារកិច្ច។
-->

លោកស្រីបានមានប្រសាសន៍ឱ្យដឹងថា “គួបផ្សំជាមួយនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបៃតង ឧស្សាហកម្មអចលនទ្រព្យនឹងសម្រេចបានសន្ទុះនៃការរីកចម្រើននៅឆ្នាំ២០២៥”។
ទន្ទឹមនឹងនេះ លោកស្រី Amy Wong អ្នកជំនាញផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank Malaysia បានវាយតម្លៃថា វិស័យឧស្សាហកម្មរបស់ម៉ាឡេស៊ីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលឧស្សាហកម្មបដិសណ្ឋារកិច្ចកំពុងងើបឡើងវិញយ៉ាងខ្លាំង។
លោកស្រី Wong បានបន្តថា “បណ្តាវិនិយោគិន និងអ្នកពាក់ព័ន្ធនានាមានឱកាសជាច្រើន ហើយការផ្តោតខ្លាំងលើនិរន្តរភាពនឹងមានសារៈសំខាន់សម្រាប់ការវិនិយោគជាយុទ្ធសាស្រ្តនាពេលអនាគត”។
លោក Keith Ooi នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Malaysia បានអះអាងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានសម្របខ្លួនទៅនឹងបញ្ហាប្រឈម ដោយបើកផ្លូវសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

លោកបានកត់សម្គាល់ថា “ស្របពេលដែលមានការសង្កត់ធ្ងន់លើបរិស្ថាន សង្គម និងអភិបាលកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារនឹងបន្តរីកចម្រើន ដោយពង្រឹងជំហររបស់ម៉ាឡេស៊ីក្នុងនាមជាប្រទេសឈាននាំមុខគេមួយក្នុងតំបន់”។
ជាមួយគ្នានេះ វិស័យឧស្សាហកម្មបានសម្រេចភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងនិរន្តរភាព ខណៈទីផ្សារការិយាល័យ និងការលក់រាយបន្តងើបឡើងវិញ ដោយសារការចំណាយរបស់អ្នកប្រើប្រាស់។
ចំណែក ទីផ្សារបដិសណ្ឋារកិច្ចត្រូវបានជំរុញ ដោយសារការមកដល់របស់ភ្ញៀវទេសចរណ៍បរទេស ហើយតម្រូវការផ្នែកលំនៅដ្ឋានប្រណីតរក្សាបាននូវស្ថិរភាព ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ៕ប្រភព: Bernama ៕
