តំបន់អាស៊ាន​រំពឹង​ទទួល​បាន​ផលប្រយោជន៍ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងថៃនឹងក្លាយជាអ្នកទទួលផលប្រយោជន៍ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មបន្តដាក់សហរដ្ឋអាមេរិក និងប្រទេសចិនឱ្យស្ថិតនៅឯកោ។

ក្រុមអ្នកជំនាញនៅធនាគារវិនិយោគ RHB Investment Bank បានលើកឡើងថា អត្រាការប្រាក់នៅលើពិភពលោកនឹងធ្លាក់ចុះក្នុងឆ្នាំ២០២៥នេះ ធនាគារកណ្ដាលសហរដ្ឋអាមេរិក(Fed) នឹងអាចកាត់បន្ថយចន្លោះពី០,៥ភាគរយទៅ០,៧៥ភាគរយ។

ប្រាក់ដុល្លារអាមេរិកអាចបន្តស្ទុះងើបឡើងថ្លៃក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈក្រុមអ្នកវិនិយោគបានងាកទៅបណ្តាក់ទុនលើប្រាក់ដុល្លារ ដោយសារហានិភ័យទាប និងផ្តល់ផលចំណេញប្រកបដោយស្ថិរភាព។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bernama។

ការធ្លាក់ចុះនៃតម្រូវការនាំចេញទំនិញទៅក្រៅប្រទេស (External demand) ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យតម្លៃទំនិញ និងសម្ពាធអតិផរណានៅទូទាំងតំបន់អាស៊ានធ្លាក់ចុះ។

ជាមួយគ្នានេះ តំបន់អាស៊ាននឹងមិនទទួលរងនូវការដាក់ទណ្ឌកម្មជាដុំកំភួន ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ បើទោះបីជាក្រុមហ៊ុនចិនបានព្យាយាមធ្វើពិពិធកម្មរោងចក្រផលិតកម្ម និងការវិនិយោគរបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ានយ៉ាងណាក្តី។

ធនាគារវិនិយោគ RHB Investment Bank បន្តថា សហរដ្ឋអាមេរិកនឹងដំឡើងអត្រាពន្ធយ៉ាងសន្សឹមៗលើទំនិញ ដែលនាំចូលមកពីប្រទេសចិនដល់អត្រា៣០ភាគរយ ដោយសារតែការព្រួយបារម្ភចំពោះការសងសឹកកាន់តែខ្លាំងពីទីក្រុងប៉េកាំង។

ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ក្រុមអ្នកជំនាញរំពឹងថា នឹងមានបទឈប់បាញ់នៅក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអុីស្រាអែល-ប៉ាឡេស្ទីន៕ប្រភព:Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here