ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារកាសុីណូរបស់ប្រទេសសិង្ហបុរីកំពុងប្រឈមមុខនឹងការប្រណាំងប្រជែងពីបណ្តាប្រទេសជិតខាង ជាពិសេសប្រទេសថៃ និងហ្វីលីពីន ខណៈដែលប្រទេសទាំង២នេះរៀបចំផែនការមេអភិវឌ្ឍន៍រមណីយដ្ឋានកាសុីណូ និងបញ្ចូលគំនិតច្នៃប្រឌិតខុសៗគ្នាដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរណ៍អន្តរជាតិ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តលើសេចក្តីព្រាងច្បាប់មួយដើម្បីធ្វើឱ្យកាសុីណូក្លាយទៅជាអាជីវកម្មស្របច្បាប់ ខណៈអគារកាសុីណូក៏ត្រូវរួមបញ្ចូលផងដែរនូវសួនកម្សាន្ត សណ្ឋាគារ និងផ្សារទំនើប។
ក្រុមមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបានអះអាងថា ច្បាប់នេះនឹងត្រូវដាក់ជូនសភាដើម្បីជជែកដេញដោលលើកដំបូងនៅខែមេសាខាងមុខ។
-->

ក្រុមអ្នកវិភាគនៅធនាគារ Citigroup បានព្យាករណ៍ថា ប្រទេសថៃអាចនឹងក្លាយជាមជ្ឈមណ្ឌលល្បែងសុីសងធំជាងគេបំផុតទី៣ របស់ពិភពលោក បន្ទាប់ពីតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិន និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្រុមអ្នកវិភាគនៅតែរំពឹងថា ប្រទេសសិង្ហបុរីនឹងបន្តមានឥទ្ធិពលលើឧស្សាហកម្មល្បែងសុីសងក្នុងតំបន់អាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ប៉ុន្តែ ទីក្រុងសិង្ហបុរីជួបប្រទះបញ្ហា ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ដែលចូលចិត្តលេងល្បែងស៊ីសងមកពីប្រទេសចិន ខណៈទីក្រុងប៉េកាំងបានរឹតបន្តឹងការបង្ក្រាបលើលំហូរសាច់ប្រាក់ពីអាជីវកម្មល្បែងស៊ីសង។

ធនាគារ Citigroup ព្យាករណ៍ថា ប្រាក់ចំណូលពីឧស្សាហកម្មល្បែងសុីសងរបស់ប្រទេសថៃអាចកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៩,១ពាន់លានដុល្លារក្នុងឆ្នាំ២០៣១ លើសពីប្រាក់ចំណូលក្នុងឧស្សាហកម្មល្បែងសុីសងរបស់ប្រទេសសិង្ហបុរី ដែលមានទំហំទឹកប្រាក់ចំនួន៨,៣ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការអនុញ្ញាតឱ្យមានការបើកកាស៊ីណូ ដោយភាពស្របច្បាប់នៅក្នុងប្រទេសថៃក៏អាចបង្កហានិភ័យដល់អាជីវកម្មកាស៊ីណូនៅតាមព្រំដែនរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ លោក Ben Lee ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន iGamix បានលើកឡើងថា កម្ពុជាគួរតែបំបែកភាពផ្តាច់មុខរបស់ក្រុមហ៊ុនបរទេសនៅក្នុងវិស័យកាសុីណូរបស់ខ្លួន ព្រោះកន្លងមក កម្ពុជាបានផ្តល់អាជ្ញាបណ្ណផ្តាច់មុខសម្រាប់តែកាសុីណូ Nagaworld ប៉ុណ្ណោះ ដែលមានសិទ្ធិបើកអាជីវកម្មនៅរាជធានីភ្នំពេញ។
លោក Ben Lee បានអះអាងឱ្យដឹងបន្តទៀតថា “នៅពេលកាសុីណូនៅប្រទេសថៃបើកដាក់ឱ្យដំណើរការ នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងមកលើកាសុីណូនៅតាមព្រំដែនរវាងកម្ពុជា-ថៃ។ ដូច្នេះ នៅពេលថៃពង្រីកអាជីវកម្មកាស៊ីណូដល់តាមបណ្តាខេត្តនានារបស់ខ្លួន នោះជនជាតិថៃនឹងមិនចាកចេញពីប្រទេសរបស់ពួកគេមកកាន់កម្ពុជានោះទេ”។

ជាមួយគ្នានោះ ប្រទេសវៀតណាមក៏បានអនុញ្ញាតឱ្យមានការបើកកាស៊ីណូមួយចំនួនផងដែរ។ ប៉ុន្តែ កាសុីណូវៀតណាមភាគច្រើនទទួលតែភ្ញៀវជាជនបរទេសប៉ុណ្ណោះ។
បច្ចុប្បន្ន ប្រទេសវៀតណាមកំពុងពិចារណាពង្រីកទីផ្សារកាសុីណូរបស់ខ្លួន ដើម្បីចាប់យកឱកាសបង្កើនប្រាក់ចំណូលជាតិ ពីការចំណាយរបស់ភ្ញៀវទេសចរណ៍បរទេស និងពលរដ្ឋវៀតណាម ដែលនិយមធ្វើដំណើរទៅលេងល្បែងសុីសងនៅក្រៅប្រទេស៕ប្រភព: Nikkei Asia៕