ក្រុមអ្នក​វិភាគ​ព្យាករណ៍ថា ទីផ្សារលំនៅដ្ឋាន​ហុងកុង​​នឹងដាំក្បាលចុះដល់បាត​​នៅ​ឆ្នាំ​នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងហុងកុងនឹងឈានដល់ចំណុចរបត់មួយនៅឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះរយៈពេល៣ឆ្នាំ ខណៈការបញ្ចុះអត្រាការប្រាក់ទាក់ទាញអ្នកទិញកាន់តែច្រើន។

ការបន្ទាបអត្រាការប្រាក់ ការហូរចូលនៃធនធានមនុស្សមានទេពកោសល្យ និងតម្លៃជួលយ៉ាងរឹងមាំនឹងជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។

តម្លៃផ្ទះនៅទីក្រុងហុងកុង ដែលបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់បាតនៅឆ្នាំនេះ។

ប៉ុន្តែ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានអះអាងថា “ការកើនឡើងនៃតម្លៃផ្ទះនៅទីក្រុងហុងកុងក្នុងឆ្នាំ២០២៥នេះនឹងនៅមានកម្រិត ដោយសារតែបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការមិនទាន់ដោះស្រាយចេញ”។

លោក Patrick Wong អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence បានលើកឡើងថា “ទីផ្សារអចលនទ្រព្យហុងកុងនឹងមានស្ថានភាពល្អប្រសើរនៅឆ្នាំ២០២៥ ទាំងតម្លៃ និងចំនួននៃការទិញ-លក់”។

លោកបានប៉ាន់ប្រមាណថា “តម្លៃផ្ទះអាចនឹងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ដោយសារការធ្លាក់ចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះជួយធ្វើឱ្យតម្រូវការកើនឡើង”។

យោងតាមលោក Jeff Yau អ្នកវិភាគអចលនទ្រព្យនៅក្រុមហ៊ុន DBS Group Holdings Ltd បានឱ្យដឹងថា ការកើនឡើងភាគលាភនៃការជួល(Rental Yield)លើសពីការចំណាយលើការខ្ចីប្រាក់ក៏នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យទិញផ្ទះផងដែរ។

លោក Yau បានបន្ថែមថា “ខណៈតម្រូវការជួលផ្ទះពីសំណាក់ពលរដ្ឋចិនដីគោកមានការកើនឡើង ភាគលាភនៃការជួលនឹងកើនឡើងដល់កម្រិតមួយ ដែលស្មើនឹងអត្រាការប្រាក់លើកម្ចីទិញផ្ទះនារយៈពេលប៉ុន្មានខែខាងមុខនេះ”។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា ភាគលាភនៃការជួលផ្ទះនៅទីក្រុងហុងកុងស្ថិតក្នុងអត្រា៣,៤៦% កាលពីខែតុលា ឆ្នាំ២០២៤។ អត្រានេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១៣ឆ្នាំ។

ទន្ទឹមគ្នានេះ បើយោងតាមទិន្នន័យពីទីភ្នាក់ងារ mReferral បានបង្ហាញថា អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅទីក្រុងហុងកុងបានធ្លាក់ចុះមកនៅត្រឹមចំនួន៣,៥ភាគរយប៉ុណ្ណោះ ដែលប្រហាក់ប្រហែលគ្នានឹងភាគលាភនៃការជួល៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here