ខេត្តចំនួន១១ទទួលបានទីលានចាក់សំរាមរួចហើយ ក្រោមជំនួយពីADB

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ទីលានទី១១ក្នុងចំណោខេត្តមួយចំនួន ដែលជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណនៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២  ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោកលី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមន្រ្តីពាក់ព័ន្ឋចូលរួមផងដែរ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋលេខាធិការ ក៏បានមានប្រ​សា​សន៍ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបពីអត្ថប្រ​យោ​ជន៍ នៃ​ការសាងសង់ទីលានទុកដាក់សំរាម ក៏ដូចជា ស្ថានីយចម្រោះទឹកកខ្វក់ ដែលយើងអាចទាញផលប្រយោជន៍ មកវិញបានយ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុកជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ  ហើយប្រជាពលរដ្ឋ ពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។

ទន្ទឹមនឹងនេះ ប្រសិនយើងមានបរិស្ថាន ប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញភ្ញៀវទេស​ចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូ​ល ដែលធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍន៍ជឿនលឿន។

លោករស់ វណ្ណាបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋរួចមកហើយនូវហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី ដូចនេះដើម្បីបន្តនិរន្តរភាពរបស់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ចាំបាច់ត្រូវមានការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងថ្លៃសេវាទឹកកខ្វក់ ដែលគោលដៅចំបងគឺការថែរក្សា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នា។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់រួចមកហើយ នូវទីលានទុកដាក់សំរាមតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង  ខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ  ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

គម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណនៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២នេះ ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១០ខែ (លឿនជាងកាលកំណត់៧ខែ)  ដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដែលមានទីតាំងស្ថិតក្នុងភូមិកង្វា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគម្រោងទាំងមូលត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីសរុបទំហំ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់ រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង១២៨,​២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here