ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទីតាំងផ្ទាល់ ផ្លូវតភ្ជាប់រវាងខេត្ត និងខេត្តក្នុងបណ្ដាខេត្តទាំងបួន នៃតំបន់ភាគឦសានប្រទេសកម្ពុជា រួមមានៈ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងការតភ្ជាប់ជាមួយប្រទេសជិតខាងកម្ពុជា។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យយ៉ាងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងជំរុញ និង លើកទឹកចិត្តឱ្យមានការសិក្សា និងពិនិត្យនូវលទ្ធភាពលើការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន របស់ប្រទេសឱ្យមានភាពប្រទាក់ក្រឡា ក្នុងគោលបំណង ដើម្បីអភិវឌ្ឍខេត្តទាំងបួននេះ ប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចផ្នែកភាគឦសាន ជាមួយនឹងការតភ្ជាប់រួមគ្នារវាងកម្ពុជា បណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ៕