ក្រុមអ្នកវិភាគ: គម្រោងអចលនទ្រព្យភាគច្រើននៅក្នុងទីក្រុងម៉ានីលរបស់ហ្វីលីពីននឹងងាកទៅកាន់ទីតាំងជិតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ការស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយមហិច្ឆតារបស់ប្រទេសហ្វីលីពីននឹងផ្លាស់ប្តូរទិដ្ឋភាពក្នុងទីផ្សារអចលនទ្រព្យ ដោយជំរុញឱ្យតម្លៃដីធ្លី និងអត្រាជួលការិយាល័យមានការកើនឡើង។

លោក Joey Roi Bondoc ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន BusinessWorld ថា “ការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងធំលើហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឱ្យវិស័យអចលនទ្រព្យហ្វីលីពីនមានភាពទាក់ទាញ ដោយផ្តល់ផលចំណេញដល់អ្នកអភិវឌ្ឍន៍ខុនដូនៅទូទាំងប្រទេស”។

គម្រោងដឹកជញ្ជូនធំៗដូចជា រថភ្លើងក្រោមដីក្នុងទីក្រុងម៉ានីល “Metro Manila Subway” ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ពាណិជ្ជកម្មកណ្តាល (CBDs) ដូចជាតំបន់ Quezon City តំបន់ Ortigas និងតំបន់ Fort Bonifacio។

គម្រោងផ្សេងទៀត ដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងរង់ចាំការប្រកាសបើកដាក់ឱ្យដំណើរការ រួមមានដូចជា គម្រោងខ្សែរថភ្លើង MRT លេខ៧ និងលេខ៤ គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីរដ្ឋធានីម៉ានីលទៅកាន់តំបន់ Clark គម្រោងអាកាសយានដ្ឋានអន្តរជាតិម៉ានីលថ្មី និងគម្រោងផ្លូវរថភ្លើងធុនស្រាល Cavite ដំណាក់កាលទី២។

លោក​ Bondoc បាន​គូសបញ្ជាក់បន្ថែម​ថា​ “អ្នក​ទិញ​​នឹង​​ស្វែងរក​ទិញ​លំនៅដ្ឋាន​ក្បែរ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​”។

ចំពោះទីផ្សារការិយាល័យ លោក Bondoc បានអះអាងថា “ការកើនឡើងនៃតម្រូវការ និងតម្លៃជួលការិយាល័យ ដែលមានទីតាំងនៅជិតមធ្យោបាយធ្វើដំណើរថ្មី អាស្រ័យលើភាពទាក់ទាញនៃទីតាំងសម្រាប់អ្នកជួល និងអត្រាការិយាល័យទំនេរបច្ចុប្បន្ន”។

លោក Bondoc បានបន្តទៀតថា “សម្រាប់ទាំងផ្នែកការិយាល័យ និងលំនៅដ្ឋាន វាជារឿងមួយប្រាកដណាស់ដែលយុទ្ធសាស្រ្តរបស់អ្នកអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០២៥នេះទៅ នឹងសម្របតាមផែនការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលហ្វីលីពីន”។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Colliers នៅតែជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យជារួមលើសក្ដានុពលនៃតម្លៃជួលការិយាល័យ ដោយសារតែបច្ចុប្បន្ន ទីក្រុងម៉ានីលទាំងមូលមានទំហំការិយាល័យទំនេរប្រហែល២,៦លានម៉ែត្រការ៉េ៕ប្រភព: BusinessWorld៕

LEAVE A REPLY

Please enter your comment!
Please enter your name here