ឥណ្ឌាបើកឱ្យប្រើប្រាស់ផ្លូវរូងក្រោមដីយុទ្ធសាស្ត្រតម្លៃ៣១៣លាន​ដុល្លារទៅកាន់តំបន់ព្រំដែនជាមួយប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាពេលថ្មីៗនេះបានបើកសម្ពោធផ្លូវរូងក្រោមដីយុទ្ធសាស្ត្រ ដើម្បីជំរុញការតភ្ជាប់ផ្លូវ ដែលធន់នឹងអាកាសធាតុត្រជាក់ឆ្ពោះទៅកាន់តំបន់ព្រំដែន Himalayan ជាមួយប្រទេសចិន និងប៉ាគីស្ថាន។

ផ្លូវរូងក្រោមដី“ Z-Morh ឬ Sonmarg” នេះលាតសន្ធឹងប្រវែង៦,៤គីឡូម៉ែត្រ ពីក្រោមភ្នំរាងរង្វេល ខណៈកន្លងទៅ ផ្លូវនេះត្រូវបានកាត់ផ្តាច់នៅពេលដល់រដូវកាលធ្លាក់ព្រិលចាប់ពី៤ខែទៅ៦ខែក្នុងមួយឆ្នាំ។

ការកសាងផ្លូវរូងក្រោមដីនេះជាផ្នែកមួយនៃផែនការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនទៅកាន់តំបន់ព្រំដែនក្រោមរដ្ឋបាលលោក Modi។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP។

ផ្លូវរូងក្រោមដី“ Z-Morh ឬ Sonmarg ជួយតភ្ជាប់តំបន់ Kashmir ប៉ែកឥណ្ឌាជាមួយតំបន់ Ladakh ដោយដើរតួជាច្រកមួយក្នុងការបើកឱ្យដំណើរការផ្លូវហាយវេ Srinagar-Leh ពេញមួយឆ្នាំ ដោយមិនមានការកាត់ផ្តាច់នៅរដូវកាលធ្លាក់ព្រិល។

គម្រោង​ដែល​មាន​តម្លៃ៣១៣លាន​ដុល្លារ​អាមេរិកនេះបានវចំណាយ​ពេល​សាងសង់អស់មួយ​ទសវត្សរ៍​។​ លោក Modi បានថ្លែងថា “តាមរយៈការបើកដាក់ឱ្យប្រើប្រាស់ផ្លូវរូងក្រោមដីនៅទីនេះ ការតភ្ជាប់នឹងប្រសើរឡើងយ៉ាងខ្លាំង”។

ជាមួយគ្នានោះ គម្រោងផ្លូវរូងក្រោមដីមួយទៀតឈ្មោះ “Zojila” ប្រវែង១៣គីឡូម៉ែត្របានសម្រេចវឌ្ឍនភាពនៃការសាងសង់ជាងពាក់កណ្តាល ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។

ឥណ្ឌាក៏បានសាងសង់ផ្លូវរថភ្លើងប្រវែង២៧២គីឡូម៉ែត្រ ក្រោមទុនវិនិយោគចំនួន៣,៩ពាន់លានដុល្លារ ដែលមានចំណុចចាប់ផ្តើមនៅទីក្រុង Udhampur ហើយរត់កាត់រដ្ឋធានី Srinagar ក្នុងតំបន់ Kashmir រួមទាំងការសាងសង់ស្ពានក្រាលផ្លូវដែកខ្ពស់ជាងគេបំផុតនៅលើពិភពលោកឈ្មោះ Chenab។

តំបន់ Kashmir ជាដែនដីមួយ ដែលដិតដាមដោយអស្ថិរភាព និងការប្រយុទ្ធតតាំងគ្នា។ ចាប់តាំងពីឆ្នាំ១៩៤៧ រហូតដល់បច្ចុប្បន្ន តំបន់នេះបានក្លាយជាប្រធានបទនៃជម្លោះប្រដាប់អាវុធ និងនយោបាយរវាងឥណ្ឌា និង ប៉ាគីស្ថាន ដែលប្រជែងគ្នាចង់ក្តោបក្តាប់លើតំបន់យុទ្ធសាស្ត្រមួយនេះ។

នៅឆ្នាំ១៩៤៩ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ(UN) គេបានពុះចែកតំបន់ Kashmir ជា២ភាគបណ្តោះអាសន្ន ដោយមួយភាគដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន និង​មួយភាគទៀត​ ក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ប៉ុន្តែ ការណ៍នេះពុំបានបញ្ចប់ជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះទេ។

ជាក់ស្តែង ប្រទេសប៉ាគីស្ថាន នៅតែបន្តទាមទារយកទឹកដី​មួយផ្នែកនៃតំបន់ Kashmir ដែលឥណ្ឌាកំពុងត្រួតត្រា ដោយលើកហេតុផលថា តំបន់នេះមានប្រជាជនច្រើនលើសលប់កាន់សាសនាឥស្លាម ដូចនៅប៉ាគីស្ថាន។ ដោយឡែក ក្រៅពី​ឥណ្ឌា និងប៉ាគីស្ថាន​ ចិនក៏បានកាន់កាប់ទឹកដីមួយភាគតូច នៅប៉ែកខាងលិចនៃតំបន់ Kashmir ជាប់និងព្រំប្រទល់របស់ខ្លួនផងដែរ៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here