ក្រសួងរៀបចំដែនដីកំពុងគិតដល់ការរស់នៅរបស់ “អ្នកស្រុកអង្គរ”ចំនួន១១៤ភូមិ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សា ការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរៀបចំគោលការណ៍ និងផែនការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិក​ភណ្ឌពិភពលោកអង្គរ ។

គោលដៅនៃកម្មវិធីនេះធ្វើឡើង ដើម្បីពង្រឹងការធ្វើការអភិរក្សប្រាសាទ ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ ដែលជាបេតិកភណ្ឌរស់ ហើយនិងរៀបចំថែទាំឱ្យបានដាច់ខាត នូវទស្សនីយភាពពាក់ព័ន្ធនឹងទឹក ព្រៃឈើ និងសត្វ ក្នុងតំបន់អង្គរ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ដើម្បីកសាងផែនការអនាគត ក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរ ឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង១១៤ ភូមិ កែសម្រួលលក្ខខណ្ឌ នៃការប្រើប្រាស់ដី ចុះបញ្ជីតំបន់បេតិកភណ្ឌ រៀបចំគោលនយោបាយលើកទឹកចិត្ត ជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានរុនតាឯកនិងពាក់ស្នែងឱ្យបានរួចរាល់។

លើសពីនេះក្រសួងក៏មានផែនការ រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍និងខ្សែទស្សនាទេសចរណ៍ ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និងការអភិវឌ្ឍន៍ផងដែរ ដែលទាំងនេះ គឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀត ទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here