តើលោក ដូ ណាល់ត្រាំ អាចរក្សាពាក្យសន្យារបស់ខ្លួនចំពោះការជំរុញគ្រីបតូដែរឬទេ? ក្លាយជាសំណួរក្នុងចំណោមអ្នកវិនិយោគទ្រព្យសកម្មឌីជីថលមួយនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ តែងអះអាងថា រូបលោកជាប្រធានាធិបតីគ្រីបតូ ឬ “Crypto President”និងបានប្ដេជ្ញាប្រែក្លាយសហរដ្ឋអាមេរិកទៅជាមហាអំណាចគ្រីបតូនៅលើពិភពលោក។

ទោះបីយ៉ាងណាក្តី នាឱកាសថ្លែងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការ កាលពីថ្ងៃច័ន្ទម្សិលមិញ លោក ដូ ណាល់ត្រាំ មិនបានលើកឡើងអំពីកាក់ Bitcoin ឬ គ្រីបតូ ម្តងសោះឡើយ។

ទន្ទឹមនឹងនេះ កាសែត Punchbowl News បានរាយការណ៍ថា ឯកសារស្តីពីអាទិភាពថ្មីរបស់សេតវិមាន ដែលត្រូវបានរៀបរៀងឡើងដោយសមាជិកគណបក្សសាធារណរដ្ឋមិនបានគូសរំលេចអំពីទ្រព្យសកម្មឌីជីថល និងគ្រីបតូ ឬកាក់ Bitcoin នោះទេ។

ឯកសារនោះក៏មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់លោក ដូ ណាល់ត្រាំ លើឧស្សាហកម្មគ្រីបតូ ដូចជាការបង្កើតទុនបម្រុង Bitcoin ដើម្បីដោះស្រាយបញ្ហាអតិផរណា និងជំរុញការវិនិយោគគ្រីបតូនៅក្នុងសហរដ្ឋអាមេរិក។

លើសពីនេះ ឯកសារខាងលើមិនគូសបញ្ជាក់អំពីការបង្កើតគោលនយោបាយនានាតាមរយៈបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីនោះទេ។

ផ្ទុយទៅវិញ អាទិភាពរបស់លោក ត្រាំ ផ្តោតលើសន្តិសុខព្រំដែន ឯករាជ្យភាពថាមពល កំណែទម្រង់រដ្ឋាភិបាល និងបញ្ហាវប្បធម៌។ កិច្ចការអាទិភាពទាំងនេះរួមមាន ការផ្អាកការតាំងលំនៅថ្មីរបស់ជនភៀសខ្លួន ឬជនអន្តោប្រវេសន៍ខុសច្បាប់ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងការអនុម័តកំណែទម្រង់ចំពោះការិយាធិបតេយ្យសហព័ន្ធ។

ទោះបីជាឯកសារនេះមិនបានគូសបញ្ជាក់ច្បាស់លាស់អំពីគ្រីបតូយ៉ាងណាក្តី ប៉ុន្តែខ្លឹមសារនៃឯកសារនេះបានសង្កត់ធ្ងន់លើគោលការណ៍ដូចជា “គោលនយោបាយពាណិជ្ជកម្ម America First”និង “ការផ្តល់សិទ្ធិអំណាចដល់ជម្រើសអ្នកប្រើប្រាស់”ដែលអាចជះឥទ្ធិពលដោយប្រយោលដល់វិស័យបច្ចេកវិទ្យា រួមទាំងទ្រព្យសកម្មឌីជីថលផងដែរ។

ការណ៍ ដែលមិនលើកឡើងអំពីគ្រីបតូក្នុងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែង និងឯកសារស្តីពីអាទិភាពថ្មីរបស់សេតវិមាន បាននាំឱ្យមានការចោទជាសំណួរថា តើលោក ដូ ណាល់ត្រាំ នឹងរក្សាពាក្យសន្យារបស់លោកដែរឬអត់?។

មុនពេលពិធីស្បថចូលកាន់តំណែង សកម្មភាពរបស់លោក ត្រាំ បានជំរុញឱ្យមានសុទិដ្ឋិនិយមនៅក្នុងទីផ្សារគ្រីបតូ។ ជាក់ស្ដែង លោក ត្រាំ បានតែងតាំងអ្នកវិនិយោគទុន និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PayPal លោក David Sacks ឱ្យកាន់តួនាទីជាមន្ដ្រីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ឧស្សាហកម្មគ្រីបតូរបស់សេតវិមាន។

លើសពីនេះ លោក ត្រាំ បានតែងតាំងលោក Paul Atkins អ្នកតស៊ូមតិដ៏ស្វិតស្វាញមួយរូបសម្រាប់គ្រីបតូ ឱ្យដឹកនាំគណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាមេរិក(SEC)។

លោក Paul Atkins ត្រូវបានគេស្គាល់ថា ជាមនុស្ស​​ដែល​ទំនោរលើ​ការ​ច្នៃប្រឌិតបង្កើត​ថ្មី ហើយលោកក៏ធ្លាប់​កាន់តួនាទីជា​សហប្រធាន​នៃស្ថាប័ន Token Alliance របស់សភាពាណិជ្ជកម្មឌីជីថលអាមេរិក (Digital Chamber) ចាប់តាំងពី​ឆ្នាំ២០១៧មកផងដែរ៕ប្រភព: CryptoSlate៕

LEAVE A REPLY

Please enter your comment!
Please enter your name here