ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះពីក្រុមហ៊ុន Cushman & Wakefield បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបង្ហាញសន្ទុះវិជ្ជមាននៅឆ្នាំ២០២៥ ទាំងផ្នែកការិយាល័យ ភស្តុភារ និងឧស្សាហកម្ម។
លោក Dominic Brown ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Cushman & Wakefield បានអះអាងថា “កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៣,៧ភាគរយ”។
តម្រូវការការិយាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមចំនួន៧៥លានហ្វីតការ៉េក្នុងមួយឆ្នាំ។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។
-->

ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះ ការផ្គត់ផ្គង់ការិយាល័យថ្មីនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៧ ត្រូវបានព្យាករណ៍ថា នឹងមានទំហំផ្ទៃក្រឡាលើសពី១០០លានហ្វីតការ៉េក្នុងមួយឆ្នាំៗ។ ការណ៍នេះនឹងជំរុញឱ្យអត្រាការិយាល័យទំនេរក្នុងតំបន់អាសុីប៉ាសុីហ្វិកកើនឡើងដល់ជិត២០%។
ការព្យាករណ៍ដដែលបង្ហាញថា ការិយាល័យថ្មីទំហំ១២១លានហ្វីតការ៉េនឹងត្រូវបានចាក់បញ្ចូលមកកាន់ទីផ្សារក្នុងតំបន់នៅឆ្នាំ២០២៥នេះ ជាពិសេសការផ្គត់ផ្គង់មានប្រភពមកពីទីក្រុងសៀងហៃរបស់ប្រទេសចិន ទីក្រុង Bengaluru របស់ឥណ្ឌា ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុងសុិនជិន (Shenzhen) ។
ដោយឡែក ទីផ្សារអចលនទ្រព្យបែបភស្តុភារ និងឧស្សាហកម្មបានប្រឈមមុខនឹងបញ្ហា ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ។

ទោះជាយ៉ាងណាក្តី ស្របពេលមានដំណើរការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់ តម្រូវការជួលទីតាំងឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងមានស្ថានភាពប្រសើរឡើង។
ជាមួយគ្នានេះ ការវិលត្រឡប់មកវិញនៃរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បាននិងកំពុងទាក់ទាញការយកចិត្តទុកដាក់ជាថ្មីម្តងទៀតពីក្រុមអ្នកវិនិយោគក្នុងតំបន់ ចំពោះលទ្ធភាពនៃការដំឡើងពន្ធលើការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក។
ចំណែកឯ ទំហំនៃការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាំក្បាលចុះដល់បាតរួចទៅហើយ ដោយរំពឹងថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៥នេះ ខណៈតម្លៃអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងបន្តស្ថិតក្នុងសភាពទ្រឹង៕ប្រភព: Real Estate Asia ៕
