ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញផ្នែកអចលនទ្រព្យមួយបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២៥នេះនឹងសម្រេចបានវឌ្ឍនភាព និងការផ្លាស់ប្តូរជាវិជ្ជមានគួរឱ្យកត់សម្គាល់។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានឱ្យដឹងថា ទីផ្សារសណ្ឋាគារនៅហ្វីលីពីនកំពុងត្រូវបានពង្រីក ខណៈទីផ្សារលំនៅដ្ឋានកំពុងងាកចេញពីទីក្រុង។
ចំណែក អគារការិយាល័យកំពុងត្រូវបានមានរចនាឡើងស្របតាមនិរន្តរភាពបៃតង ហើយទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងសម្រេចបានភាពរីកចម្រើន។
-->

ខាងក្រោមនេះជាផ្នែកសំខាន់ៗ
ចំនួន៤នៃទីផ្សារអចលនទ្រព្យហ្វីលីពីនសម្រាប់ឆ្នាំ២០២៥៖
ទី១: ទីផ្សារសណ្ឋាគារ។
វិស័យទេសចរណ៍ហ្វីលីពីនបានស្ទុះងើបឡើងវិញ ដែលជះឥទ្ធិពលវិជ្ជមានលើអាជីវកម្មសណ្ឋាគារ។ ជាក់ស្ដែង ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិធំៗដូចជាក្រុមហ៊ុន JW Marriott និងក្រុមហ៊ុន InterContinental Hotels កំពុងឈានជើងចូលប្រទេសហ្វីលីពីន។
ក្រុមហ៊ុន Colliers ព្យាករណ៍ថា ការផ្គត់ផ្គង់បន្ទប់សណ្ឋាគារនៅទូទាំងប្រទេសហ្វីលីពីននឹងកើនឡើងចំនួន១២ភាគរយ ផ្នែកប្រណីត និងទំហំធំនាំមុខគេ។
ការអភិវឌ្ឍន៍សណ្ឋាគារថ្មីៗនៅកោះទេសចរណ៍ Palawan និងកោះ Boracay នឹងផ្គត់ផ្គង់បន្ទប់សណ្ឋាគារបន្ថែមជាង៥.០០០បន្ទប់ នៅឆ្នាំ២០២៥ ដើម្បីបំពេញកំណើននៃតម្រូវការពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ទី២: ទីផ្សារលំនៅដ្ឋាន។
ទីផ្សារខុនដូនៅរដ្ឋធានីម៉ានីល (Metro Manila) កំពុងធ្លាក់ចុះ ដោយសារខុនដូជាច្រើនលក់ចេញមិនដាច់។ ស្ថានភាពនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកទៅសាងសង់ខុនដូនៅតំបន់ជាយក្រុងម៉ានីល ដូចជាតំបន់ Calabarzon និងតំបន់ Central Visayas។
ជាមួយគ្នានេះ ផ្ទះសម្រាប់លំហែកាយនៅតំបន់ទេសចរណ៍ល្បីៗរបស់ហ្វីលីពីនដូចជាទីក្រុងឆ្នេរសមុទ្រ Batangas និងកោះ Palawan ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។
ទី៣: ទីផ្សារការិយាល័យ។
អគារការិយាល័យនានានៅប្រទេសហ្វីលីពីនត្រូវបានតុបតែងស្របតាមស្តង់ដារបៃតង ដោយសារបណ្តាក្រុមហ៊ុនភាគច្រើននាពេលបច្ចុប្បន្នបានផ្តល់អាទិភាពដល់និរន្តរភាព ជាពិសេសអគារ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារការិយាល័យបៃតង កំពុងទាក់ទាញចិត្តអ្នកជួល។
ទីក្រុងទេសចរណ៍ល្បីៗដូចជាទីក្រុង Pampanga ទីក្រុង Cebu និងទីក្រុង Davao បានប្រែក្លាយជាជម្រើសពិសេសសម្រាប់បណ្តាក្រុមហ៊ុននានា ដែលស្វែងរកការិយាល័យថ្មីនៅខាងក្រៅរដ្ឋធានីម៉ានីល។
ក្នុងន័យនេះ ក្រុមហ៊ុន Colliers បានព្យាករណ៍ឃើញថា តម្រូវការនៃទំហំការិយាល័យស្តង់ដារបៃតងនឹងកើនឡើងចំនួន២០ភាគរយនៅឆ្នាំនេះ ខណៈអគារថ្មីចំនួន៣០អគារបន្ថែមទៀតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារការិយាល័យបៃតង។
ទី៤: ទីផ្សារអចលនទ្រព្យឧស្សាហកម្ម។
ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ហ្វីលីពីនបានបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការផលិតកម្មយានជំនិះអគ្គិសនី និងតម្រូវការឧស្សាហកម្មម្ហូបអាហារ។
សមត្ថភាព ឬចំណុះឃ្លាំងផ្ទុកទំនិញក្នុងសីតុណ្ហភាពត្រជាក់(Cold storage capacity)របស់ហ្វីលីពីនត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងចំនួន៨ភាគរយនៅឆ្នាំ២០២៥ ដែលនឹងនាំឱ្យទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ហ្វីលីពីនបន្តរីកចម្រើន។
ក្រុមហ៊ុន Colliers ក៏បានកត់សម្គាល់ឃើញផងដែរអំពីការកើនឡើងនៃតម្រូវការផ្នែកភស្តុភា និងឃ្លាំង ជាពិសេសនៅក្នុងតំបន់ជាយក្រុងម៉ានីលដូចជាតំបន់ Central Luzon និងតំបន់ Calabarzon ជាដើម៕ប្រភព: Inquirer.Net៕
