បណ្តាអ្នកវិនិយោគបរទេសអាចនឹងសម្រេចដាក់លក់អចលនទ្រព្យរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិននៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគបរទេសកាន់តែច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិនអាចនឹងសម្រេចចិត្តដាក់លក់អចលនទ្រព្យរបស់ខ្លួននៅឆ្នាំនេះ ដោយសារភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យចិន។

ក្រុមអ្នកវិភាគអះអាងថា ការរំពឹងទុកបែបនេះបានធ្វើឡើង ដោយយោងទៅលើការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានផលចំណេញទាបពីការវិនិយោគ ខណៈទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់ Greater Bay Area កំពុងត្រូវបានញាំញី ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។

ជាមួយគ្នានេះ ភាពមិនច្បាស់លាស់ជុំវិញសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke ក្នុងការគ្រប់គ្រងបញ្ហាបំណុលក្នុងស្រុក និងបំណុលក្រៅប្រទេស ដែលមានទំហំទឹកប្រាក់សរុបចំនួន៤,៩ពាន់លានដុល្លារបានរួមចំណែកបង្កជាក្តីព្រួយបារម្ភដល់បណ្តាអ្នកវិនិយោគអន្តរជាតិ។

លោកស្រី Charli Chan អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman និង Wakefield បានលើកឡើងថា “វាពិតជាបញ្ហាលំបាកណាស់សម្រាប់បណ្តាអ្នកវិនិយោគអន្តរជាតិក្នុងការសម្រេចចិត្តវិលត្រឡប់មកវិញនៅឆ្នាំនេះ ដោយសារតែកត្តាអត្រាការប្រាក់ និងបញ្ហាភូមិសាស្ត្រនយោបាយ”។

ក្នុងន័យនេះ លោកស្រី Charli Chan បានគូសបញ្ជាក់ថា ក្រុមអ្នកវិនិយោគបរទេសនឹងត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិនវិញ ប្រសិនបើពួកគេសម្លឹងឃើញឱកាសទទួលបានផលចំណេញខ្ពស់”។

លោកស្រីបានអះអាងឱ្យដឹងបន្ថែមទៀតថា “ហេតុដូច្នេះ​ហើយ! យើង​សង្កេតឃើញ​ថា ក្រុមអ្នក​វិនិយោគ​អន្តរជាតិបាន​ផ្លាស់​ប្តូរ​តួនាទី​របស់​ពួក​គេ​ពី​អ្នក​ទិញ​ទៅ​ជា​អ្នក​លក់វិញម្តង”។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area ជាគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉េកាំងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងចំនួន៩ក្នុងខេត្តក្វាងទុងឱ្យក្លាយទៅជាមជ្ឈមណ្ឌលអំណាចសេដ្ឋកិច្ច ដែលមានសមត្ថភាពប្រកួតប្រជែងនៅលើពិភពលោក៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here