ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បានប្រកាសថា រដ្ឋាភិបាលសិង្ហបុរីប្តេជ្ញារក្សាលំនៅដ្ឋានសាធារណៈឱ្យបន្តមានតម្លៃសមរម្យ សម្រាប់លក់ជូនប្រជាជនរបស់ខ្លួន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត CNA។
លោកបានបញ្ជាក់ថា “អាផាតមុិនថ្មីប្រភេទ Build-to-Order (BTO) នឹងត្រូវបានកំណត់តម្លៃ ឱ្យស័ក្តិសមនឹងកម្រិតប្រាក់ចំណូលរបស់ប្រជាជនសិង្ហបុរី ខណៈការផ្គត់ផ្គង់លំនៅដ្ឋានឯកជនក៏កំពុងត្រូវបានបង្កើនផងដែរ ដើម្បីជួយរក្សាស្ថិរភាពតម្លៃអចលនទ្រព្យ”។
អាផាតមុិនប្រភេទ Build-to-Order (BTO) ជាអាផាតមុិនសាធារណៈរបស់រដ្ឋាភិបាលសិង្ហបុរី។ អាផាតមុិនប្រភេទនេះត្រូវបានចាប់ផ្តើមសាងសង់ឡើង លុះត្រាតែចំនួនយូនីតចន្លោះពី៦៥%ទៅ៧០% នៃអគារអាផាតមុិនណាមួយនោះទទួលបានការកក់ទុកពីអតិថិជន។
-->

លោក Lawrence Wong ដែលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីផងដែរនោះ បានប្រកាសទទួលស្គាល់អំពីការព្រួយបារម្ភចំពោះលទ្ធភាពទិញផ្ទះក្នុងចំណោមប្រជាជនរបស់ខ្លួន ខណៈរបាយការណ៍បង្ហាញថា តម្លៃអាផាតមុិនសាធារណៈបានកើនឡើងដល់ទំហំទឹកប្រាក់រាប់លានដុល្លារ។
យ៉ាងណាមិញ លោកបានអះអាងថា “ប៉ុន្តែ នោះគ្រាន់តែជាការពិនិត្យមើលចំណុចមួយជ្រុងប៉ុណ្ណោះ។ យើងចាំបាច់ត្រូវក្រឡេកមើលចំណុចមួយជ្រុងផ្សេងទៀត ព្រោះប្រាក់ចំណូលរបស់ប្រជាជនយើងក៏បានកើនឡើងផងដែរ”។

លោកបន្ថែមថា យើងមិនត្រឹមតែបង្កើនការសាងសង់លំនៅដ្ឋានសាធារណៈប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងក៏បង្កើនការផ្គត់ផ្គង់លំនៅដ្ឋានដោយអ្នកអភិវឌ្ឍន៍ឯកជនផងដែរ តាមរយៈកម្មវិធីលក់ដីរបស់រដ្ឋាភិបាល ដោយសារទីផ្សារទាំងពីរនេះមានទំនាក់ទំនងគ្នា។
លោក Lawrence Wong បានគូសបញ្ជាក់ទៀតថា “ការផ្គត់ផ្គង់ ដែលយើងកំពុងចាក់បញ្ចូលទៅកាន់ទីផ្សារនឹងជះឥទ្ធិពលដល់ស្ថិរភាពទីផ្សារអចលនទ្រព្យទាំងមូលរបស់សិង្ហបុរី”៕ប្រភព: CNA៕
