សម្តេចធិបតីជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចចំនួន៤

0

ដោយៈ និស្ស័យ

   ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រុញឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៥។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតការងារក្រសួងសាធារណៈការនៅថ្ងៃទី២៣ មករានេះ។

នៅក្នុងពិធីនេះ សម្តេចបានណែនាំឲ្យបន្តជំរុញការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឲ្យកាន់តែមានភាពប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ច នៃភូមិភាគកណ្ដាល ភូមិភាគឦសាន និងភូមិភាគនិរតី និងជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ ដែលមានសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងត្រូវជំរុញបញ្ចប់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឈានទៅរកការសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវជំរុញបញ្ចប់ការសិក្សា និងនីតិវិធីផ្សេងៗ ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវស្ពានមួយចំនួនទៀត តាមការគ្រោងទុកនាពេលខាងមុខនេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងបន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានាដែលបានប្រកាសបើកការដ្ឋាន និងកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឲ្យបាន តាមផែនការគ្រោងទុក និងធានាបាននូវគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here