ដំណឹងល្អៈ ខេត្តព្រះសីហនុស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មី មួយទៀតហើយ

0

ដោយៈ និស្ស័យ

    ព្រះសីហនុៈ ក្រោមការលើកទឹកចិត្តពីរដ្ឋាភិបាល ខេត្តព្រះសីហនុបានបន្តទាក់ទាញការវិនិយោគ ដោយគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ​លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន១ នៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​​ជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។

ជាលទ្ធផលបឋម សំណើសុំគោលការណ៍ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនេះ ទទួលបានការឯកភាពជាគោលការ​ណ៍​ពីអង្គប្រជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here