ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រារពពិធីប្រកាសនិ ងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃ រចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។
ពិធីនេះក៏បានប្រកាសការប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤។
-->
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចការនេះជាការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា របស់យើង ឱ្យបានរៀបរយ ខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបបញ្ជាក់ថា “ទន្ទឹមនេះ ខ្ញុំសូមគាំទ្រលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ បន្តចូលរួមចលនារៀបចំ របៀងសេដ្ឋកិច្ចរបស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនត្រឹមការអភិវឌ្ឍតាមសក្តានុពល របស់ឆ្នេរតែម្យ៉ាងនោះទេ គឺក្រុង-ខេត្តជារួម ដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌប្រកប ដោយផ្តើមចេញពីការគិតគូរ រៀបចំជាទស្សនីយភាព ឬបទពិសោធន៍ថ្មីនិងប្លែក ដើម្បីពង្រីកសក្តានុពលទេសចរណ៍ ប្រចាំទីតាំងរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ទាក់ទាញចំណាប់អារម្មណ៍ជាងមុន មានជម្រើស និងរសនិយមសម្បូរបែប សម្រាប់ភ្ញៀវទេសចរមកលម្ហែកម្សាន្ត”។

បន្ថែមលើកត្តាសុខសន្តិភាព ជាលក្ខខណ្ឌមូលដ្ឋានដែលមាននាពេលបច្ចុប្បន្ន សូមបន្តគាំទ្រដល់ការគិតគូរពង្រឹងសុវត្ថិភាព សុខុមាលភាព រួមមាន បញ្ហាសំណល់រឹង-រាវ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ បន្តថែទាំ និងពង្រឹងគុណភាពសេវាកម្មចាំបាច់ មានជាអាទិ៍ ទីកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ម្ហូបអាហារប្រកបដោយឱជារសមានអនាម័យ សេវាអ៉ីនធើណេតល្អ ដោយចាត់ទុកកិច្ចការទាំងនេះ ជាការងារចាំបាច់ត្រូវគិតគូរ បំពេញបន្ថែមជាប្រចាំ សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចតាមតំបន់ឆ្នេរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជាគុណតម្លៃនៃការរៀបចំសង្គម ទៅអនាគតមួយឆ្ពោះទៅមុខ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ៕
