គំរោងវិនិយោគទឹកប្រាក់៥៦៤លានដុល្លារអាមេរិកត្រូវនានទទួលការលើកទឹកចិត្តពិសេសនៅខេត្តព្រះសីហនុ

0

ដោយៈ ច្រាយ ចំណាន

    ព្រះសីហនុៈ គម្រោងវិនិយោគ និងធុរកិច្ច៤២ទៀត ក្រោមទុនវិនិយោគ៥៦៤ លានដុល្លារអាមេរិក ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី២៣ មករា ឆ្នាំ២០២៥ ក្រោមការដឹកនាំកិច្ចប្រជុំស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានលើកឡើងថា ចាប់ពីត្រីមាសទី៤ នៃឆ្នាំ២០២៤ ពោលគឺដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងឃើញមានកំណើនគួរកត់សម្គាល់ពីវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាសញ្ញាណវិជ្ជមានចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។

ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៥ គម្រោងថ្មីចំនួន១២ ការពង្រីកគម្រោងចំនួន៣ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង១២គម្រោង ដែលមានទុនវិនិយោគសរុប៥៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍៖ គម្រោងភណ្ឌាគារគយមានដែនកំណត់គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម។ គម្រោងរមនីយដ្ឋាន អេកូកសិទេសចរណ៍ គម្រោងសួនឧស្សាហកម្ម គម្រោងសណ្ឋាគារ និង គម្រោងអគារពហុមុខងារ ។

លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន គឺរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និងដំបូលតែមួយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និង ការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និងការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here