ឥណ្ឌា និងជប៉ុនគ្រោងដាក់ឱ្យប្រើប្រាស់រថភ្លើង Shinkansen សេរ៊ីថ្មីក្នុងពេលដំណាលគ្នា ដែលអាចរត់ចម្ងាយ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌា និងប្រទេសជប៉ុន គ្រោងនឹងដាក់ឱ្យប្រើប្រាស់នូវរថភ្លើងល្បឿនលឿនប្រភេទ Shinkansen សេរ៊ីថ្មីចុងក្រោយបង្អស់ឈ្មោះ “E10” ក្នុងពេលដំណាលគ្នានៅចន្លោះឆ្នាំ២០២៩ ឬឆ្នាំ២០៣០ខាងមុខ។

គម្រោងដាក់ឱ្យប្រើប្រាស់រថភ្លើង Shinkansen E10 នេះសរបង្ហាញឱ្យឃើញពីការបោះជំហានឆ្ពោះទៅមុខយ៉ាងលឿនរបស់ឥណ្ឌានៅក្នុងវិស័យបច្ចេកវិទ្យារថភ្លើងល្បឿនលឿន។

ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រនេះក៏បង្ហាញពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាងប្រទេសឥណ្ឌា និងជប៉ុន នៅក្នុងគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុង Ahmedabad និងទីក្រុងបុមបៃ ដែលជាគម្រោងប្រកបដោយមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌា។

ដើមឡើយ ប្រទេសឥណ្ឌាគ្រោងអភិវឌ្ឍន៍រថភ្លើង Shinkansen សេរ៊ី E5 ដែលមានល្បឿនអតិបរមាចំនួន៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ប៉ុន្តែ ក្រោយមក រដ្ឋាភិបាលឥណ្ឌាបានឯកភាពចំពោះការសិក្សាដាក់ឱ្យប្រើប្រាស់រថភ្លើង Shinkansen សេរ៊ី E10 ដែលមានល្បឿនអតិបរមាចំនួន៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថភ្លើងល្បឿនលឿន Shinkansen ស៊េរី E5 ជារថភ្លើងរបស់ប្រទេសជប៉ុន ដែលដំណើរការដោយក្រុមហ៊ុន East Japan Railway Company ដោយបានរត់នៅលើផ្លូវដែក“Tohoku Shinkansen” ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១១។

ជាមួយគ្នានេះ ការបង្ហាញឆន្ទៈរបស់ប្រទេសជប៉ុនក្នុងការដាក់ឱ្យប្រើប្រាស់ Shinkansen សេរ៊ី E10 ក្នុងពេលដំណាលគ្នាជាមួយប្រទេសឥណ្ឌា សរបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រក្នុងនវានុវត្តន៍នៃផ្លូវដែកល្បឿនលឿន។

ឥណ្ឌាត្រូវបានគេរំពឹងថា នឹងទទួលបានរថភ្លើង Shinkansen សេរ៊ី E10 ចំនួន២គ្រឿង។ សមិទ្ធិផលនេះជាការបោះជំហានយ៉ាងធំមិនធ្លាប់មានពីមុនមកសម្រាប់ឥណ្ឌា និងបង្ហាញពីកិច្ចសហការកាន់តែស៊ីជម្រៅរវាងឥណ្ឌា និងជប៉ុនក្នុងការធ្វើសមាហរណកម្មផ្នែកបច្ចេកវិទ្យាផ្លូវដែកទំនើប៕ប្រភព: Business Standard៕

LEAVE A REPLY

Please enter your comment!
Please enter your name here