តើទីផ្សារអចលនទ្រព្យចិនអាចងើបឡើងវិញនៅឆ្នាំ២០២៥នេះឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន ​​Fitch Ratings របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងអាចបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារ បញ្ហាប្រឈមរចនាសម្ព័ន្ធ ដូចជាការផ្គត់ផ្គង់លើសពីតម្រូវការ និងការលំបាកផ្នែកហិរញ្ញវត្ថុ។

ទីភ្នាក់ងារ ​​Fitch Ratings វាយតម្លៃថា ការលក់ផ្ទះថ្មីនៅទូទាំងប្រទេសចិននឹងធ្លាក់ចុះចំនួន១៥ភាគរយ មកនៅត្រឹមទំហំទឹកប្រាក់ប្រហែល៧,៣ទ្រីលានយ័ន(ប្រហែល១ទ្រីលានដុល្លារ) ហើយការណ៍នេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះចំនួន៥ភាគរយនៃតម្លៃផ្ទះជាមធ្យម។

អត្រាផលចំណេញទាបពីការជួល(Rental Yield)នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិន ធៀបនឹងអត្រាការប្រាក់ខ្ពស់លើប្រាក់កម្ចីទិញផ្ទះ ក្លាយជាហានិភ័យចំពោះតម្លៃផ្ទះ។

លោក Tyran Kam អ្នកវិភាគទីផ្សារអចលនទ្រព្យចិននៅទីភ្នាក់ងារ ​​Fitch Ratings បានអះអាងថា“គោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលចិនបានជំរុញឱ្យទំនុកចិត្តទីផ្សារមានស្ថិរភាពក្នុងរយៈពេលខ្លី”។

ប៉ុន្តែ លោកបញ្ជាក់ថា “និរន្តរភាពនៃសន្ទុះនេះនៅតែបន្តស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ ដោយសារទីផ្សារការងារក្នុងប្រទេសចិនមិនមានភាពអំណោយផល និងការថយចុះនៃលទ្ធភាពផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកទិញផ្ទះ”។

វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ចិន​បាននិងកំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​រយៈពេល៤ឆ្នាំ​ជាប់​គ្នា។វិស័យនេះបានចូលរួមចំណែកប្រហែលមួយភាគបួននៃផលទុនជាតិសរុបរបស់ប្រទេសចិន មុនពេលរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ“បន្ទាត់ក្រហម៣” នៅក្នុងខែសីហា ឆ្នាំ២០២០ និងវិបត្តិជំងឺរាតត្បាត ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យចិនជាប់គាំង។

ទីភ្នាក់ងារ ​​Fitch Ratings បានបន្តថា សកម្មភាពសាងសង់លំនៅដ្ឋាននឹងធ្លាក់ចុះ ដោយសារតែបណ្តាអ្នកអភិវឌ្ឍន៍ចិនបាត់បង់ទំនុកចិត្ត និងគ្មានលទ្ធភាពក្នុងការទិញដីដើម្បីចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានថ្មីៗ។

លោក Kam បានបន្ថែមថា “បណ្តាក្រុមហ៊ុនម៉ៅការសំណង់នានានឹងទទួលបានកិច្ចសន្យាតិចជាងមុនពីអ្នកអភិវឌ្ឍន៍ និងជួបប្រទះការធ្លាក់ចុះនៃប្រាក់ចំណូល ដោយបូកបន្ថែមសម្ពាធទៅលើលំហូរសាច់ប្រាក់របស់ពួកគេ”។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជន រួមទាំងក្រុមហ៊ុន Country Garden Holdings និងក្រុមហ៊ុន Sunac China បានខកខានទូទាត់សងបំណុលក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជាង១៦០ពាន់លានដុល្លារ គិតចាប់តាំងពីវិបត្តិអចលនទ្រព្យចិនបានចាប់ផ្តើមលេចជារូបរាងឡើង៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here