ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” និងលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ។
ការកោតសរសើររបស់ សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
-->
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាព ក្នុងភាពជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍ ដល់វិស័យទេសចរណ៍។
ព្រឹត្តិការណ៍ “សាទរកម្ពុជា” ចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៉ីសុវត្ថិ។
ព្រឹត្តិការណ៍ដ៏ធំនេះ មានការរៀបចំជាក្បួនដង្ហែដ៏ធំ ពុំធ្លាប់មាន ដោយបង្ហាញល្បែងកម្សាន្ត សប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួច រាប់ថយក្រោយឆ្លងឆ្នាំសកល ២០២៤ ចូលទៅកាន់២០២៥៕
