ប្រទេសថៃបង្ហាញគម្រោងអចលនទ្រព្យខ្នាតយក្សតម្លៃ៤៧៤លានដុល្លារនៅចំកណ្តាលតំបន់ Chinatown ក្នុងទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសថៃគ្រោងនឹងបង្កើតគោលដៅទេសចរណ៍លំដាប់ពិភពលោកថ្មីមួយក្រោមទុនវិនិយោគចំនួន១៦ពាន់លានបាត(ប្រហែល៤៧៤,៥លានដុល្លារ) នៅចំកណ្តាលតំបន់ Chinatown ក្នុងទីក្រុងបាងកកដើម្បីបង្កើនបទពិសោធន៍ទេសចរណ៍ ដោយច្របាច់បញ្ចូលគ្នានូវបេតិកភណ្ឌថៃ និងចិន។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Asset World Corporation (AWC) របស់ប្រទេសថៃបានប្រកាសគម្រោងនេះឡើង ដោយក្រុមហ៊ុនប្តេជ្ញាថា នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលដៅទេសចរណ៍ និងការអភិរក្សវប្បធម៌នៅក្នុងរាជធានីបាងកក។

គម្រោងនេះមានឈ្មោះថា “Woeng Nakornkasem Yaowaraj”ដែលលាតសន្ធឹងលើផ្ទៃដីទំហំ១៤រ៉ៃ(ប្រហែល២២.៤០០ម៉ែត្រការ៉េ) នៅក្នុងសង្កាត់ Yaowarat ដែលនឹងក្លាយជាតំបន់ដ៏ល្បីល្បាញមួយនៅលើពិភពលោកនៅឆ្នាំ២០២៩។

គម្រោងអភិវឌ្ឍន៍លំដាប់យក្សនេះនឹងរួមបញ្ចូល វិមានរចនាបថចិនកម្ពស់៨ជាន់ សណ្ឋាគារប្រណីតចំនួន២ ដែលមានជាង៥០០បន្ទប់ និងទីតាំងលក់រាយទំហំ៦៨.០០០ម៉ែត្រការ៉េ។ គម្រោងនេះនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអគារបៃតង ដោយសង្កត់ធ្ងន់លើនិរន្តរភាព និងការអភិរក្សវប្បធម៌។

លក្ខណៈពិសេសសំខាន់ៗនៃគម្រោងរួមមាន សារៈមន្ទីរដាក់តាំងបង្ហាញវត្ថុបុរាណថៃ-ចិន សាលមហោស្រពធំបំផុតប្រចាំសង្កាត់ Yaowarat ដែលមានទំហំ១.១០០ម៉ែត្រការ៉េ និងមជ្ឈមណ្ឌលផ្សារទំនើប ដែលមានផលិតផលម៉ាកយីហោប្រណីតៗ ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin និងអាជីវកម្មសហគមន៍មូលដ្ឋាន។ គម្រោងនេះ​ក៏​នឹង​រួម​បញ្ចូល​ផងដែរនូវទីធ្លា​បៃតង​ដ៏ធំទូលាយ និង​សួនច្បារ​លើ​ដំបូល។

គម្រោងខ្នាតយក្សនេះគ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩ខាងមុខ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទេសចរណ៍នាពេលអនាគតរបស់ទីក្រុងបាងកក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here