ក្រុមអ្នកវិភាគ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបន្តបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបន្តបង្ហាញសន្ទុះវិជ្ជមាន ស្របពេលដែលតម្រូវការជួលឃ្លាំង និងរោងចក្រសម្រាប់បណ្តាក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនភស្តុភារនានាមានការកើនឡើងជាលំដាប់។

យោងតាមទិន្នន័យបានបង្ហាញថា តម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងចំនួន០,៥ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ និងកើនឡើងចំនួន៣,៥ភាគរយពេញមួយឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថា តម្លៃ​ជួល​អចលនទ្រព្យ​ឧស្សាហកម្ម​នៅប្រទេសសិង្ហបុរី​អាច​នឹង​សម្រេចបាន​កំណើន​ចន្លោះពី១ភាគរយទៅ៣ភាគរយ​បន្ថែមទៀតនៅក្នុង​ឆ្នាំ២០២៥នេះ។

ម៉្យាងទៀត ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងគំហុក ខណៈគម្រោងអចលនទ្រព្យទំហំ១,២លានម៉ែត្រការ៉េគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ។

ទន្ទឹមគ្នានោះ នៅចន្លោះឆ្នាំ២០២៦ដល់ឆ្នាំ២០២៧ គម្រោងអចលនទ្រព្យឧស្សាហកម្មទំហំ២,១លានម៉ែត្រការ៉េ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់។ ការណ៍នេះមានន័យថា ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មប្រចាំឆ្នាំនៅសិង្ហបុរីនឹងមានទំហំផ្ទៃក្រឡាជាមធ្យមចំនួន១,១លានម៉ែត្រការ៉េចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៧ខាងមុខ។

លោកស្រី Catherine He ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានកត់សម្គាល់ថា តម្រូវការឃ្លាំងនៅសិង្ហបុរីត្រូវបានជំរុញដោយការជួលពីបណ្តាក្រុមហ៊ុនផ្តល់សេវាភស្តុភារ និងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់។

លោក Lee Sze Teck អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Huttons Asia បានអះអាងថា ការដំឡើងពន្ធខ្ពស់លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចជំរុញឱ្យបណ្តាក្រុមហ៊ុនមួយចំនួនងាកមកបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសសិង្ហបុរី៕ប្រភព: Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here