«ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។
«ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។