ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅទីក្រុង Johor Bahru ក្នុងប្រទេសម៉ាឡេសុី ជាប់ព្រំដែនជាមួយសិង្ហបុរីបានកើនឡើងយ៉ាងគំហុក ដោយសារតម្រូវការពីជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ផ្ទុយទៅវិញ ពលរដ្ឋម៉ាឡេសុីជាច្រើនរស់នៅទីក្រុង Johor Bahru ត្រូវបង្ខំចិត្តជួលផ្ទះដើម្បីស្នាក់នៅ និងងាកទៅរកផ្ទះមានទំហំតូច ឬផ្លាស់ទីលំនៅកាន់តំបន់ជាយក្រុង ដែលពុំមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់គ្រាន់។
យោងតាមទិន្នន័យពីក្រុមហ៊ុន Knight Frank ដែលបានចេញផ្សាយនៅខែមករានេះបានឱ្យដឹងថា ចំនួនលំនៅដ្ឋានជាង៥០ភាគរយនៅទីក្រុង Johor Bahru ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៨០មុឺនរីងហ្គីត (ប្រហែល១៨មុឺនដុល្លារ)ក្នុងមួយយូនីត។តួលេខនេះរាប់បញ្ចូលទាំងផ្ទះថ្មី និងផ្ទះសម្រាប់លក់បន្ត។
-->
ក្រុមអ្នកវិភាគអចលនទ្រព្យបានវាយតម្លៃថា ការកើនឡើងនៃលំហូរជនបរទេសចូលមកកាន់ទីក្រុង Johor Bahru ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសពីប្រទេសសិង្ហបុរី និងចិនបានជំរុញឱ្យការលក់ផ្ទះ និងតម្លៃផ្ទះកើនឡើងយ៉ាងគំហុក។

លោកស្រី Lee Kun Thye អគ្គនាយកក្រុមហ៊ុន Knight Frank Malaysia ប្រចាំសាខាក្នុងរដ្ឋ Johor បានបញ្ជាក់ប្រាប់កាសែត CNA ថា “ការកើនឡើងនៃតម្លៃផ្ទះ និងតម្រូវការនាពេលនេះត្រូវបានជំរុញដោយអតិថិជនបរទេស ដែលទិញផ្ទះនៅជិតតំបន់កណ្តាលទីក្រុង Johor Bahru”។
លោកស្រីបានគូសបញ្ជាក់ឱ្យដឹងពីមូលហេតុថា “គម្រោងតភ្ជាប់ប្រព័ន្ធរថភ្លើងរវាងទីក្រុង Johor Bahru ទៅកាន់សិង្ហបុរី បានទាក់ទាញមនុស្សជាច្រើនឱ្យងាកមកវិនិយោគលើទីផ្សារអចលនទ្រព្យ”។
លោកស្រីបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា “អាផាតមុិន ដែលស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងនេះកំពុងលក់ដាច់ខ្លាំងបំផុត”។
គម្រោងតភ្ជាប់ប្រព័ន្ធរថភ្លើងរវាងទីក្រុង Johor Bahru ទៅកាន់សិង្ហបុរីត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពាន Causeway ដែលជាច្រកព្រំដែនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕ប្រភព: CNA៕
