ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីបានបង្ហាញថា បណ្តាក្រុមហ៊ុនអាមេរិកចំនួនជាងពាក់កណ្តាល ដែលកំពុងបំពេញប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសមហាអំណាចទាំង២។
យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំប្រទេសចិនបានបង្ហាញថា ចំនួន៥១ភាគរយនៃក្រុមហ៊ុនអាមេរិកមានក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនាពេលអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

-->
របាយការណ៍នេះត្រូវបានចេញផ្សាយ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ចូលកាន់តំណែងជាលើកទី២ ដោយបានប្រកាសគំរាមកំហែងដំឡើងពន្ធលើការនាំចូលទំនិញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក។
លោក Alvin Liu ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិនបានលើកឡើងថា “ទំនាក់ទំនងប្រកបដោយស្ថិរភាព និងការស្ថាបនាពឹងផ្អែកលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនត្រឹមតែមានសារៈសំខាន់សម្រាប់ភាពរុងរឿងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏មានសារៈសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ”។

AmCham China បានអះអាងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយ និងជម្លោះពាណិជ្ជកម្ម សុទ្ធសឹងតែជាក្តីកង្វល់ដ៏ធំរបស់អ្នកធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ ការស្ទង់មតិដដែលបានបង្ហាញទៀតថា បណ្តាក្រុមហ៊ុនអាមេរិកចំនួនជិត៥០ភាគរយនៅតែដាក់ចំណាត់ថ្នាក់ប្រទេសចិននៅក្នុងចំណោមគោលដៅអាទិភាពកំពូលទាំង៣នៃការវិនិយោគរបស់ខ្លួន៕ប្រភព: Reuters៕
