ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាត្រៀមអញ្ជើញទស្សនកិច្ច និងបំពេញបេសកកម្ម ដើម្បីគោះទ្វារអ្នកវិនិយោគ នៅប្រទេដអូស្រ្តាលីនាពេលខាងមុខនេះ។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាព នៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
-->
ជារួម អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កា លើទិដ្ឋភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃបេសកកម្ម ដ៏មានសារៈសំខាន់ខាងលើ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំ ដើម្បីសម្របជាមួយនឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។
អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងនៃការរៀបចំបេសកកម្មខាងលើ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបី សម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន៕

សូមជម្រាបជូនផងដែរថា បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។