ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំជាមួយអ្នកជំនាញការជប៉ុន ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។
កិច្ចប្រជុំកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)។
-->

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដែលបានអនុវត្តន៍ដោយក្រុមជំនាញការ របស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងដោយមានការសហការពីដៃគូពាក់ព័ន្ធនានា។

ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចសហការរបស់ទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងការបញ្ជូនជំនាញការជាន់ខ្ពស់របស់ខ្លួន ដើម្បីពិនិត្យ និងរៀបចំផែនការគម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តខិតខំប្រឹងប្រែងជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕
រូបតំណាង