ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកណាថាភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ក្នុងជំនួបកាលពីដើមសប្តាហ៍នេះ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូបានមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភូមិសាស្ត្រ និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ ដែលមានសក្តានុពល ស្ថិតនៅប៉ែកនារតី នៃព្រះរាជាណាចក្រកម្ពុជា មាន៥ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ យើងបង្កើតក្រុងថ្មីមួយទៀត គឺក្រុងកំពង់សោម មានកោះតូចធំ៣២ ថ្មដុះ១ ប៉ប្រេះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានជីវចម្រុះ មានឆ្នេរ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រិះអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាគោលដៅឧស្សាហកម្ម ទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធិនាមថា ជាតារារះនាទិសនារតី។
-->

ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃប្រទេសកម្ពុជា មានខេត្ត ៤ក្នុងនោះព្រះសីហនុ កោះកុង កំពត កែប ខេត្តមានគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ដែលរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានចែកជា៣ តំបន់ឧស្សាហកម្មដឹកជញ្ជូន ទីក្រុងសមាហរណកម្ម និងហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ទេសចរណ៍ ដើម្បីរុញឱ្យខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកសាងអាងប្រព្រឹត្តកម្មទឹកស្អាត រៀបចំឆ្នេរ បន្ទប់ទឹកសាធារណ និងការសាងសង់រូបសំណាក អរិយធម៌របស់កម្ពុជាផងដែរ។
លោកអភិបាលខេត្ត ក៏បានជំរាបជូនពីសក្តានុពល ផ្លូវគមនាគមន៍ មានកំពង់ផែ៣ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិ មានការហោះហើរក្នុងស្រុក ក្រៅស្រុក វៀតណាម ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន នឹងសង្ឃឹមថា និងមានការហោះ ហើយឆាប់ៗព្រះសីហនុ បាងកក ផ្លូវដែក១ខ្សែ ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន មានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើការ។
ដើម្បីសម្រេចគោលដៅជំរុញការផ្លាស់ប្តូរ ទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ មានកម្ពុជា ថៃ និងវៀតណាម។
លោកNatthapong Sanguanchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ថ្ងៃនេះមានការរីករាយ ដែលប្រតិភូខេត្តត្រាត បានមកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគ្នាជំរុញ វិស័យទេសចរណ៍រវាងខេត្តទាំងពីរ ខេត្តត្រាតជាខេត្តមួយទាក់ទង នឹងវិស័យទេសចរណ៍ ដែលមានប្រាក់ចំណូលមួយឆ្នាំ២ម៉ឺនលានបាត ខេត្តត្រាត មានស្រុកចំនួន៧ ប្រជាពលរដ្ឋជាង២០ម៉ឺននាក់។

លោកមានការចាប់អារម្មណ៍មកកាន់ខេត្តព្រះសីហនុ កន្លងមកឯកឧត្តមក៏បានមកចូលរួមកិច្ចប្រជុំ (CVTEC) ដែលមានកម្ពុជា ថៃ និងវៀតណាម ស្របតាមកិច្ចព្រមព្រៀង ជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំង៣ ដែលមានសក្តានុពល ក្នុងការផ្លាស់ប្តូវិស័យទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុ កំពត កែប ធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍មានការកើនឡើងថែមទៀត។
គណៈប្រតិភូខេត្តត្រាត បានមកកាន់ខេត្តព្រះសីហនុ តាមផ្លូវទឹក ដើម្បីធ្វើបច្ចុប្បន្នភាព លើវិស័យទេសចរណ៍រវាងគ្នា អាចជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ កើនជាង៦ភាគរយ ជំរុញវិស័យទេសចរណ៍ពីខេត្តតា្រត មកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងមានប្រព័ន្ធផ្លាស់ប្តូរកាន់តែលឿន និងមានប្រសិទ្ធភាព បន្តកិច្ចសហការគ្នាបន្តទៀត ដើម្បីជំរុញកំណើនលើកកម្ពស់ ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ ផ្លូវសមុទ្ររវាងកោះក្នុងខេត្តត្រាត និងកោះផ្សេងៗទៀតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រោមក្របខណ្ឌ CVTEC៕
