ដោយ: គង់ លាងហួរ
អន្តរជាតិ: យន្តហោះពាណិជ្ជកម្មទំនើបខ្នាតតូចប្រភេទថ្មីម៉ាក XB-១ របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Boom Technology បានតេស្តសាកល្បងការហោះហើរប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗនេះ ដោយធើ្វដំណើរក្នុងល្បឿនលឿនជាងសំឡេងក្នុងកម្រិត Mach ១.១ ឬស្មើនឹង១.៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការហោះហើរក្នុងល្បឿនដ៏លឿននេះបានធើ្វឱ្យយន្តហោះ XB-១ ក្លាយជាយន្តហោះស៊ីវិលដំបូងគេ ដែលមានសមត្ថភាពបំបែករបាំងនៃសំឡេងនៅក្នុងអំឡុងពេលនៃការហោះហើរ ឬហៅកាត់ថា “Supersonic”។
ការហោះហើរសាកល្បងនេះត្រូវបានធ្វើឡើងនៅរយៈកម្ពស់ជាង១០.៦០០ម៉ែត្រពីលើផ្ទៃដី នៅក្នុងតំបន់វាលខ្សាច់នៅភាគខាងត្បូងនៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។
-->
បើក្រឡេកទៅមើលប្រវត្តិសាស្ត្រអំពីការបំបែកឯតទគ្គកម្មនៃល្បឿនហោះហើរ កាលពីឆ្នាំ១៩៤៧ លោក Chuck Yeager ជាបុគ្គលដំបូងគេ ដែលបានបើកបរយន្តហោះបំបែករបាំងនៃសំឡេង ជាមួយនឹងយន្តហោះខ្នាតតូចប្រភេទ Bell X-១ ដែលប្រើប្រាស់ម៉ាស៊ីនគ្រាប់រ៉ុក្កែត និងមានរូបរាងស្រដៀងទៅនឹងគ្រាប់មីស៊ីល។
ដោយឡែក ចំពោះយន្តហោះប្រភេទ XB-១ ចុងក្រោយនេះវិញ ត្រូវបានរចនាឡើងជាគម្រូ (Prototype) សម្រាប់បម្រើដល់ការអភិវឌ្ឍន៍យន្តហោះអាកាសចរណ៍ខ្នាតធំនាពេលអនាគត ដែលអាចមានលទ្ធភាពផ្ទុកអ្នកដំណើរបានចន្លោះពី៦០នាក់ទៅ៨០នាក់ និងរំពឹងថា នឹងអាចធើ្វដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលប្រហែល២ម៉ោងកន្លះ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Boom Technology បានទទួលការបញ្ជាទិញយន្តហោះសរុបចំនួន១៣០គ្រឿង ពីបណ្តាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប៕ប្រភព: CNN៕
