រដ្ឋបាលទីក្រុងសុិនជិនគ្រោងជួយសង្គ្រោះស្រោចស្រង់ក្រុមហ៊ុនអចលនទ្រព្យចិន Vanke ដែលជួបវិបត្តិសាច់ប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពមួយបានឱ្យដឹងថា រដ្ឋបាលទីក្រុងសុិនជិន(Shenzhen) របស់ប្រទេសចិននឹងអាចធ្វើកិច្ចអន្ដរាគមន៍ជួយសង្គ្រោះក្រុមហ៊ុន China Vanke ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយនេះអាចដោះស្រាយបញ្ហាសាច់ប្រាក់។

ក្រុមហ៊ុន China Vanke មានទីស្នាក់ការកណ្តាលនៅទីក្រុងសុិនជិនក្នុងខេត្តក្វាងទុង និងធ្លាប់ជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតទី២របស់ប្រទេសចិន បើគិតពីការលក់អចលនទ្រព្យ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន China Vanke បានសម្រេចតែងតាំងលោក Xin Jie ជាប្រធានថ្មីនៃក្រុមហ៊ុនរបស់ខ្លួន។

លោក Xin Jie ក៏មានតំណែងជាប្រធានក្រុមហ៊ុន Shenzhen Metro Group ឬ (SZMC) ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន China Vanke ផងដែរ។នេះបើយោងតាមកាសែត South China Morning Post។

លោក Raymond Cheng នាយកគ្រប់គ្រងនៅក្រុមហ៊ុន CGS International បានមានប្រសាសន៍ឱ្យដឹងថា “ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនដ៏ធំរូបនេះអាចជួយសង្គ្រោះស្រោចស្រង់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke”។

លោក Raymond Cheng បានចង្អុលបង្ហាញថា “ក្រុមហ៊ុន SZMC របស់លោក Xin Jie ត្រូវបានគាំទ្រដោយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរដ្ឋ ដែលចំណុះក្រោមរដ្ឋបាលទីក្រុងសុិនជិន។ គណៈកម្មការនេះមានចំនួនទ្រព្យសកម្មជាង៥ទ្រីលានយ័ន(ប្រហែល៦៨៩ពាន់លានដុល្លារ)”។

ចំណែកឯ ក្រុមហ៊ុន SZMC មានទំហំទ្រព្យសកម្មផ្ទាល់ខ្លួនចំនួន៨០០ពាន់លានយ័ន(ប្រហែល១១១,៥៧ពាន់លានដុល្លារអាមេរិក)។

លោក Cheng បានបន្ថែមថា “ការជួយសង្គ្រោះនេះអាចនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំនួន៣យ៉ាងសម្រាប់ក្រុមហ៊ុន Vanke”។

ចំណុចវិជ្ជមានទី១: ការជួយសង្គ្រោះនេះអាចនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាមានទំនុកចិត្តឡើងវិញក្នុងការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ក្រុមហ៊ុន Vanke។

ចំណុចវិជ្ជមានទី២: ក្រុមហ៊ុន Vanke អាចបន្ទាបអត្រានៃការបញ្ចុះតម្លៃលើការលក់អចលនទ្រព្យរបស់ខ្លួន ខណៈចំណុចវិជ្ជមានទី៣: ការជួយសង្គ្រោះនេះនឹងជំរុញឱ្យអ្នកទិញផ្ទះមានទំនុកចិត្តមកលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Vanke៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here