ជនបរទេសកំពុងសម្រុកទិញអាផាតមុិនរាប់ពាន់យូនីតនៅក្នុងទីក្រុងហាណូយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាម(VAR) បានឱ្យដឹងថា ជនបរទេសបានទិញអាផាតមុិនចំនួនជាង២.៨០០យូនីតនៅក្នុងទីក្រុងហាណូយកាលពីឆ្នាំ២០២៤ កើនឡើង២ដងធៀបនឹងចំនួនដែលពួកគេបានទិញក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

ក្នុងរយៈពេល៥ឆ្នាំនោះ ជនបរទេសបានទិញអាផាតមុិននៅរដ្ឋធានីហាណូយត្រឹមតែ១.៧៦៥យូនីតប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មី ដែលដកស្រង់ចុះផ្សាយដោយសារពត៌មានវៀតណាម Vnexpress។

សមាគមអ្នកអចលនទ្រព្យវៀតណាម(VAR) បានលើកឡើងថា “នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ទីផ្សារអចលនទ្រព្យ ព្រោះជនបរទេសបានជួយទិញអាផាតមុិនលំដាប់ខ្ពស់ជាច្រើន ដែលអ្នកអភិវឌ្ឍន៍លក់មិនដាច់”។

សមាគមបានព្យាករណ៍ថា ការលក់នឹងបន្តកើនឡើង ខណៈច្បាប់របស់ប្រទេសវៀតណាមបានអនុញ្ញាតឱ្យជនបរទេសអាចទិញបានអាផាតមុិនចំនួន៣០ភាគរយនៃចំនួនយូនីតសរុបនៅក្នុងគម្រោងអាផាតមុិនណាមួយ។

ចំនួន​ជនបរទេស​ ដែលបានចូលមក​ស្វែងរក​ការងារ​ធ្វើនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាមកំពុង​កើនឡើង ជាពិសេស​ការងារ​ជាន់ខ្ពស់​ រួមមានដូចជា​ ថ្នាក់ដឹកនាំប្រតិបត្តិ អ្នកឯកទេស និង​កម្មករ​ផ្នែកបច្ចេកទេស​​​ ហើយជនបរទេសភាគច្រើនបានស្វែងរកទិញលំនៅដ្ឋាននៅទីក្រុងហាណូយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam បានអះអាងថា ចាប់តាំងពីរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមដកចេញនូវការរឹតបន្តឹងលើការទិញអចលនទ្រព្យដោយជនបរទេសចាប់ពីឆ្នាំ២០១៥មក ជនបរទេសភាគច្រើនដែលបានទិញអាផាតមុិននៅវៀតណាម រួមមានជនជាតិចិន ហុងកុង តៃវ៉ាន់ និងកូរ៉េភាគខាងត្បូង។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងទៀតថា មូលហេតុ ដែលនាំឱ្យជនបរទេសភាគច្រើនសម្រេចចិត្ដទិញអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម ដោយសារពួកគេសម្លឹងឃើញឱកាសចំណេញខ្ពស់ ពីការហក់ឡើងថ្លៃនៃតម្លៃអចលនទ្រព្យក្នុងប្រទេសមួយនេះ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here