ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយពីទីភ្នាក់ងារអចលនទ្រព្យ Sotheby’s បានបង្ហាញថា ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)បានវ៉ាដាច់ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ដោយក្លាយជាគោលដៅអាទិភាពកំពូលសម្រាប់ការវិនិយោគលើអចលនទ្រព្យរបស់មហាសេដ្ឋីឥណ្ឌា។
ការស្ទង់មតិបានបង្ហាញទៀតថា ចំនួន២២ភាគរយនៃមហាសេដ្ឋីឥណ្ឌា ដែលមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារទៅ៥លានដុល្លារ (HNIs) និងមហាសេដ្ឋីឥណ្ឌា ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារទៅ៩៩៩លានដុល្លារ (Ultra-HNIs) បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសនៅឆ្នាំ២០២៥នេះ។
ទីក្រុងឌូបៃបន្តទាក់ទាញអ្នកវិនិយោគឥណ្ឌា ដោយសារទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ស្ថាបត្យកម្មទំនើប និងមានភូមិសាស្ត្រនៅជិតប្រទេសឥណ្ឌា។
-->
ក្រៅពីភាពទាក់ទាញទាំងនេះ ទីក្រុងឌូបៃជាជម្រករបស់ជនភៀសខ្លួនឥណ្ឌាដ៏ធំមួយ ដែលមានពលរដ្ឋឥណ្ឌាចំនួនជាង៣,៥លាននាក់រស់នៅទីនោះ។ ម៉្យាងវិញទៀត ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃអាចផ្តល់ភាគលាភពីការជួល (Rental Yields) ចន្លោះពី៦ភាគរយទៅ៨ភាគរយជារៀងរាល់ឆ្នាំ។
ជាមួយគ្នានោះ តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបន្តហក់ឡើងថ្លៃយ៉ាងគំហុក ងហើយនេះជាឱកាសវិនិយោគដែលអាចទទួលបានផលចំណេញខ្ពស់សម្រាប់វិនិយោគិន បូករួមទាំងស្ថិរភាពនៃរូបិយបណ្ណក្នុងស្រុក (Dirham) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
លើសពីនេះទៀត វិនិយោគិនបរទេសអាចទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល១០ឆ្នាំនៅក្នុងទីក្រុងឌូបៃតាមរយៈការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ប្រមាណ៥៤៤.៥២១ដុល្លារអាមេរិក។
ភាពទាក់ទាញទាំងអស់នេះបានធ្វើឱ្យទីក្រុងឌូបៃវ៉ាដាច់ទីក្រុងឡុងដិ៍ ដោយក្លាយជាជម្រើសកំពូលសម្រាប់ក្រុមមហាសេដ្ឋីឥណ្ឌា ដែលស្វែងរកការវិនិយោគអចលនទ្រព្យដ៏មានស្ថិរភាព និងផ្តល់ផលចំណេញខ្ពស់៕ប្រភព: Hindustan Times៕
