រដ្ឋាភិបាលពិនិត្យសំណើរចំនួន១២មានទុនវិនិយោគ១៣៥លានដុល្លារអាមេរិក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើក“កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង។

កិច្ចប្រជុំនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ១៣៥លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួនប្រមាណ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ឧបករណ៍បរិក្ខារពេទ្យ ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ការកែច្នៃលោហធាតុ ផលិតពិល ផលិតគ្រោងសំណង់ពីលោហធាតុ ឧបករណ៍ជាងគ្រប់ប្រភេទ កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌)។

លើសពីនេះក៏មានគំរោងវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់)  ដោយបានបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ កណ្តាល ខេត្តកំពត និងខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here