ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់សំណង់អគារខ្ពស់ៗកប់ពពកនៅលើពិភពលោកជាការចង់បង្ហាញពីការរីកចម្រើនរបស់ប្រទេសនីមួយៗ ស្របពេលបច្ចេកវិទ្យា និងបច្ចេកទេសនៃការរចនាសាងសង់ បានវិវត្តន៍ទៅមុខឥតឈប់ឈរ។
ខាងក្រោមនេះជាអគារខ្ពស់កប់ពពកចំនួន៥អគារ ដែលគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥៖
ទី១: អគារ The Henderson នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។
-->

អគារនេះត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects ដ៏ល្បីល្បាញរបស់អង់គ្លេស ដែលធ្វើឱ្យពិភពលោកស្ញប់ស្ញែង។ អគារ The Henderson នឹងបើកដំណើរការនៅឆ្នាំ២០២៥នេះ។
អគារ The Henderson ដែលមានកម្ពស់១៩០ម៉ែត្រនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនអចលនទ្រព្យហុងកុងខ្នាតយក្ស Henderson Land។
សំណង់អគារនេះស្ថិតនៅលើដី ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដែលក្រុមហ៊ុន Henderson Land បានទិញកាលពីឆ្នាំ២០១៧ ក្នុងតម្លៃជាង៩៤មុឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ទី២: អគារទីស្នាក់ការកណ្តាលរបស់ធនាគារ China Merchants Bank។

គម្រោងអគារកម្ពស់៣៨៨ម៉ែត្រនេះត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners ដែលរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០២៥។ អគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ China Merchants Bank នៅទីក្រុងសុិនជិន ប្រទេសចិន។
ទី៣: អគារ One Bangkok នៅក្នុងប្រទេសថៃ។

អគារខ្ពស់កប់ពពក One Bangkok ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Skidmore Owings & Merrill (SOM) ដែលមានអគារនេះទីតាំងនៅក្នុងរាជធានីបាងកកនៃប្រទេសថៃ។ អគារនេះមានកម្ពស់ចំនួន៤៣៧ម៉ែត្រ។
នៅពេលសាងសង់រួចរាល់ អគារ One Bangkok ត្រូវបានគេរំពឹងថា នឹងអាចផ្ទុកមនុស្សបានចំនួន៦០.០០០នាក់ រួមមានលំនៅដ្ឋាន សណ្ឋាគារ ហាងលក់រាយ ការិយាល័យ និងទីធ្លាសាធារណៈ។
ទី៤: អគារទីស្នាក់ការកណ្តាលរបស់ធនាគារ Taichung Bank នៅកោះតៃវ៉ាន់។

អគារទីស្នាក់ការកណ្តាលរបស់ធនាគារ Taichung Bank កម្ពស់២០០ម៉ែត្រនេះនឹងរួមមានទាំងសណ្ឋាគារលំដាប់ផ្កាយ៥ និងអាងហែលទឹកដែលធ្វើឡើងអំពីកញ្ចក់។
អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មហុងកុង Aedas។ គ្រឿងបរិក្ខារផ្សេងទៀត ដែលធ្វើអំពីកញ្ចក់នៅក្នុងអគារនេះរួមមានដូចជា សួនច្បារនៅលើដំបូលអគារ សាលរបាំ និងសាលតាំងពិពណ៌។
ទី៥: អគារ OPPO Chang An R&D Center។

អគារមជ្ឈមណ្ឌលស្រាវជ្រាវនេះមានទីតាំងនៅក្នុងទីក្រុង Dongguan នៃខេត្តក្វាងទុងរបស់ប្រទេសចិន។ អគារ OPPO Chang An R&D កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Kohn Pedersen Fox (KPF)។
អគារ OPPO Chang An R&D Center នឹងក្លាយជាអគារការិយាល័យកម្ពស់២៥០ម៉ែត្រ ដើម្បីផ្ទុកបុគ្គលិកជាង៦ពាន់នាក់របស់ក្រុមហ៊ុនផលិតទូរសព្ទដៃចិនម៉ាក OPPO៕ប្រភព: Dezeen៕