រដ្ឋាភិបាលឥណ្ឌូនេស៊ី​អនុម័តគម្រោងសាងសង់​ជញ្ជាំងសមុទ្រ​ខ្នាតយក្សដើម្បី​ទប់ទល់​នឹង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រនៅកោះជ្វា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត VNA បានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានអនុម័តគម្រោងសាងសង់ជញ្ជាំងសមុទ្រដ៏ធំមួយប្រវែង៧០០គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីខេត្ត Banten ដល់ខេត្ត East Java។

យោងតាមប្រភពពីប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហើបឱ្យដឹងថា គម្រោងប្រកបទៅដោយមហិច្ឆិតានេះមានគោលបំណងការពារការជន់លិចវាលស្រែនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា(Java) ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto បានបង្ហាញការយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សាធារណៈជនអំពីការជន់លិចទីក្រុង ជាពិសេសការគំរាមកំហែងដែលបង្កឡើងដោយការកើនឡើងនៃកម្រិតទឹកសមុទ្រចំពោះប្រជានេសាទឥណ្ឌូនេស៊ី។

លោក Hashim Djojohadikusumo
ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំនេះ បានរៀបចំឡើងចាប់តាំងពីឆ្នាំ១៩៩៤ ដោយសាររដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលស្គាល់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រនៅពេលនោះ។

ទោះ​បីជា​យ៉ាង​ណា​ក្តី គម្រោង​នេះ​មិន​ទាន់លេចចេញជារូបរាងទេ។ យោងតាម​ការ​ព្យាករ​ណ៍បង្ហាញថា ការ​សាងសង់​កំពែង​ជញ្ជាំងសមុទ្រ​ខ្នាតយក្ស​នេះអាច​ចំណាយ​ពេល​ចន្លោះពី១០ឆ្នាំទៅ២០ឆ្នាំ។

ជាមួយគ្នានេះ លោកប្រធានាធិបតី Prabowo បានណែនាំឱ្យក្រុមមន្ត្រីត្រួតពិនិត្យឡើងវិញនូវផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំ ដែលលាតសន្ធឹងពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Cirebon ដែលជាផ្នែកមួយនៃកម្មវិធីយុទ្ធសាស្រ្តជាតិ (National Strategic Programme) នៅក្នុងឆ្នាំ២០២៥។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានកត់សម្គាល់ថា ការសាងសង់គម្រោងជញ្ជាំងសមុទ្រយក្សពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Cirebon នឹងតភ្ជាប់ជាមួយទំនប់គ្រប់គ្រងទឹកជំនន់ និងជំនោរដែលមានស្រាប់នៅក្នុងទីក្រុង Semarang និងខេត្ត Central Java៕ប្រភព: VNA ៕

LEAVE A REPLY

Please enter your comment!
Please enter your name here