ដោយ: គង់ លាងហួរ
កណ្ដាល: លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានទុកឱសានវាទដល់ប្រជាពលរដ្ឋ ដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 ដែលរងប៉ះពាល់ដោយគម្រោងផ្លូវ៦០ម៉ែត្រឱ្យយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោក គួច ចំរើន បានគូសបញ្ជាក់ថា មន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធអង្គុយរង់ចាំក្នុងតង់នៅទីតាំងដែលត្រូវផ្លាស់ប្ដូរថ្មី ដើម្បីឲ្យប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ចំនួន៣៩នាក់ មកពិនិត្យផ្ទៀងផ្ទាត់ឯកសារជាក់ស្ដែង។ ប៉ុន្ដែ បែរជាមិនឃើញអ្នកដែលរងផលប៉ះពាល់ទៅវិញ។
ក្នុងអំឡុងពេលចុះពិនិត្យមើលទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ លោកអភិបាលខេត្តបានលើកឡើងថា ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ ឬផ្លូវ៦០ម៉ែត្រសូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។