ពលរដ្ឋ​កម្ពុជា​​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ទៅ​កាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលរបស់ប្រទេសចិនបានចាប់ផ្តើមលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ានចំនួន៩ផ្សេងទៀត ដែលធ្វើដំណើរកំសាន្តទៅកាន់ខេត្ត Xishuangbanna របស់ខ្លួន។

ចំណាត់ការនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អាស៊ានចូលទៅកាន់ប្រទេសចិន លើកលែងតែប្រទេសទីម័រខាងកើត។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

នៅក្រោមគោលនយោបាយនេះ ក្រុមភ្ញៀវទេសចរណ៍យ៉ាងតិច២នាក់ ដែលកាន់លិខិតឆ្លងដែនពីបណ្តាប្រទេសអាស៊ានទាំង១០ អាចស្នាក់នៅក្នុងខេត្ត Xishuangbanna ចំនួន៦ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅពេលនេះ ពលរដ្ឋកម្ពុជាអាចធ្វើដំណើរចេញ-ចូលខេត្ត Xishuangbanna តាមរយៈច្រកផ្លូវនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិ Xishuangbanna Gasa កំពង់ផែ Mohan Railway Port និងកំពង់ផែ Mohan Highway Port។

បន្ថែមពីលើការទាក់ទាញភ្ញៀវទេសចរណ៍ប្រទេសចិនក៏កំពុងធ្វើការពង្រឹងប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរអន្តរជាតិ និងឱកាសអាជីវកម្ម។ នេះជាសញ្ញាបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលចិនក្នុងការបើកចំហព្រំដែនបន្ថែមទៀតដល់ជនបរទេស។

“Xishuangbanna”ជាឈ្មោះតំបន់ស្វយ័តមួយនៅក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។ តំបន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារវប្បធម៌ “Dai” ប្រាសាទប្លែកៗ និងព្រៃត្រូពិច។

មន្ត្រីចិនមួយរូបនៃរដ្ឋបាលអន្តោប្រវេសន៍ជាតិបានអះអាងថា “គោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍អាស៊ានជាវិធានការដ៏សំខាន់មួយដើម្បីពង្រីកការបើកចំហររបស់ប្រទេសចិន និងជំរុញតួនាទីរបស់ខេត្ត Yunnan ក្នុងនាមជាមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here