ការសិក្សា: ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅក្នុងតំបន់ទីក្រុងបាងកកនឹងអាចដាំក្បាលចុះចំនួន៣ឆ្នាំជាប់គ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតនៅត្រឹមឆ្នាំ២០២៥នេះ ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅក្នុងតំបន់ទីក្រុងបាងកក(Greater Bangkok)របស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។

“Greater Bangkok”សំដៅទៅលើតំបន់ទីក្រុងបាងកក (BMR) ដែលរួមមានទីក្រុងបាងកក និងខេត្តជុំវិញចំនួន៥ រួមមានខេត្ត Nakhon Pathom ខេត្ត Nonthaburi ខេត្ត Pathum Thani ខេត្ត Samut Prakan និងខេត្ត Samut Sakhon។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឱ្យដឹងថា ការរំពឹងទុកចំពោះការធ្លាក់ចុះនៃការផ្គត់ផ្គង់បណ្តាលមកពីកំណើននៃចំនួនលំនៅដ្ឋានលក់មិនដាច់នៅឆ្នាំ២០២៤ ដោយសារសេដ្ឋកិច្ចថៃស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈបំណុលក្នុងគ្រួសារពលរដ្ឋថៃមានកម្រិតខ្ពស់។

មជ្ឈមណ្ឌលខាងលើបានព្យាករណ៍ថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅតំបន់ទីក្រុងបាងកកនឹងថយចុះក្នុងអត្រា០,៧ភាគរយនៅឆ្នាំ២០២៥ បើធៀបនឹងចំនួនលំនៅដ្ឋានថ្មីប្រមាណ៦១.៤៥០យូនីត ដែលត្រូវបានចាក់បញ្ចូលទីផ្សារកាលពីឆ្នាំមុន។

ចំនួននៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅឆ្នាំ២០២៤ បានដាំក្បាលចុះ៣៩,៥ភាគរយបើធៀបនឹងលំនៅដ្ឋានថ្មីចំនួន១០២.០០០យូនីត ដែលត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារកាលពីឆ្នាំ២០២៣។

ដោយឡែក ចំនួននៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅឆ្នាំ២០២៣ បានធ្លាក់ចុះ៥,២ភាគរយបើធៀបនឹងលំនៅដ្ឋានថ្មីចំនួន១០៧.០០០យូនីត ដែលត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារនៅឆ្នាំ២០២២។

នៅឆ្នាំ២០២៤ ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីបានថយចុះគ្រប់ប្រភេទទាំងអស់។ តួយ៉ាង ការផ្គត់ផ្គង់ខុនដូថ្មីបានដាំក្បាលចុះ៤៣ភាគរយ ខណៈការផ្គត់ផ្គង់ផ្ទះប្រភេទ Townhouse ថ្មីបានដាំក្បាលចុះ៤១,៥ភាគរយ។

ចំណែក ការផ្គត់ផ្គង់ប្រភេទផ្ទះទោលថ្មី (Single detached houses)បានដាំក្បាលចុះ២០,៨ភាគរយ។នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែត Bangkok Post។

លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃ បានលើកឡើងថា ទំនុកចិត្តនៃទីផ្សារកាលពីឆ្នាំមុនបានធ្លាក់ចុះយ៉ាងគំហុក ដោយសារអំណាចនៃការទិញផ្ទះបានថយចុះ ស្របពេលកំណើនសេដ្ឋកិច្ចថៃមានកម្រិតទាប និងបំណុលគ្រួសារមានកម្រិតខ្ពស់៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here