ការផ្គត់ផ្គង់ការិយាល័យកម្រិត A នៅតំបន់អាស៊ីប៉ាស៊ីហ្វិករំពឹងបន្តកើនឡើង ខណៈតម្លៃជួលធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់ការិយាល័យកម្រិត A នៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា នឹងកើនឡើង៧ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកើនឡើង៤ភាគរយនៅឆ្នាំ២០២៤។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានគូសបញ្ជាក់ថា “ចំណែកជាង៤០ភាគរយនៃទំហំការិយាល័យថ្មីសរុប ដែលត្រូវបានផ្គត់ផ្គង់ក្នុងតំបន់អាសុីប៉ាសុីហ្វិកាលពីឆ្នាំមុនមានទីតាំងនៅក្នុងប្រទេសចិន”។

តម្លៃជួលការិយាល័យជាមធ្យមនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ១,៦ភាគរយកាលពីឆ្នាំ២០២៤។ នេះជាសញ្ញាល្អប្រសើរជាងមុនបើធៀបនឹងការធ្លាក់ចុះ២,៤ភាគរយនៅឆ្នាំ២០២៣។

ជាក់ស្តែង កាលពីឆ្នាំមុន តម្លៃជួលការិយាល័យជាមធ្យមនៅតាមទីក្រុងចំនួន១៦ក្នុងចំណោមទីក្រុងចំនួន២៣ នៅទូទាំងតំបន់អាសុីប៉ាសុីហ្វិកបានស្ថិតក្នុងសភាពទ្រឹង ឬបានកើនឡើង ជាពិសេសនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន។

លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានព្យាករណ៍ថា “តម្លៃជួលការិយាល័យជាមធ្យមក្នុងតំបន់នឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៥នេះ ដោយសារការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសចិន”។

ប៉ុន្តែ ប្រសិនបើមិនរាប់បញ្ចូលប្រទេសចិន តម្លៃជួលការិយាល័យជាមធ្យមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី១% ទៅ២% ក្នុងឆ្នាំនេះ ដោយសារភាពរឹងមាំនៃទីផ្សារការិយាល័យនៅក្នុងប្រទេសឥណ្ឌា និងទីក្រុងតូក្យូរបស់ជប៉ុន។

តម្រូវការការិយាល័យកម្រិត A កំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន ខណៈក្រុមហ៊ុននានាបានផ្លាស់ប្តូរទៅរកអគារការិយាល័យ ដែលមានគ្រឿងបរិក្ខារដ៏ល្អប្រសើរ និងអនុលោមតាមស្តង់ដារ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here