ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែបនឹងបង្កផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុនផលិតដែកថែបនៅក្នុងប្រទេសវៀតណាម និងអាចជះផលប៉ះពាល់ដោយប្រយោលលើឧស្សាហកម្មផ្សេងទៀតផងដែរ។
ប្រទេសវៀតណាម កាណាដា ម៉ិកស៊ិក ប្រេស៊ីល និងកូរ៉េខាងត្បូង ជាបណ្តាប្រទេសដែលរងផលប៉ះពាល់ ដោយសារការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែបទាំងអស់ចាប់ពីថ្ងៃទី៤ ខែមីនា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត CNBC។
របាយការណ៍បានបន្ថែមថា ប្រទេសវៀតណាមបាននាំចេញដែកថែបក្នុងទំហំទឹកប្រាក់ចំនួន១,១៣ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យវៀតណាមក្លាយជាប្រភពផ្គត់ផ្គង់ដែកថែបធំបំផុតទី៨សម្រាប់សហរដ្ឋអាមេរិក ហក់ឡើង១៤០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
យោងតាមធនាគារ HSBC បានឱ្យដឹងថា ប្រទេសវៀតណាមមានកម្រិតហានិភ័យខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន ដោយសារប្រទេសនេះមានអតិរេកពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ដ៏ធំជាមួយសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យគយបង្ហាញថា កាលពីឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់១១២,៥ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក កើនឡើង១៦ភាគរយ។ វៀតណាមបាននាំចូលទំនិញពីសហរដ្ឋអាមេរិកវិញក្នុងទំហំទឹកប្រាក់ត្រឹមតែ១០,៥ពាន់លានដុល្លារ ដាំក្បាលចុះជិត២៤ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ធនាគារ United Overseas Bank បានព្យាករណ៍ថា ប្រាក់ដុល្លារអាមេរិកនឹងបន្តស្ទុះងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតធៀបនឹងរូបិយបណ្ណក្នុងស្រុករបស់វៀតណាមក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយ១ដុល្លារ អាចមានតម្លៃស្មើនឹង២៦.០០០ដុង៕ប្រភព: Vnexpress៕