ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស Goldman Sachs បានទទួលស្គាល់ថា ការបន្ធូរបន្ថយគោលនយោបាយនានាចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មានប្រសិទ្ធភាពជាងមុនក្នុងការស្តារស្ថិរភាពនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងជួបបញ្ហាសាច់ប្រាក់។
ប៉ុន្តែ ស្របពេលមានការប្រែប្រួលនៃរចនាសម្ព័ន្ធទីផ្សារ ធនាគារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការគាំទ្របន្ថែមទៀតជាចាំបាច់ ដើម្បីធ្វើឱ្យទីផ្សារស្ទុះងើបឡើងវិញប្រកបដោយនិរន្តរភាព។
ធនាគារ Goldman Sachs អះអាងថា“ការបន្ធូរបន្ថយគោលនយោបាយនានាចាប់តាំងពីខែកញ្ញា ឆ្នាំមុនមកទល់បច្ចុប្បន្នហាក់មានប្រសិទ្ធភាពខ្ពស់ជាងវិធានការមុនៗ ក្នុងការជំរុញការលក់ផ្ទះ និងស្តារតម្លៃផ្ទះឱ្យមានស្ថិរភាព”។
-->

ទោះបីជាយ៉ាងណាក្តី វិធានការទាំងនោះជះផលវិជ្ជមានតិចតួចប៉ុណ្ណោះទៅលើការវិនិយោគអចលនទ្រព្យ និងសកម្មភាពនៅក្នុងវិស័យសំណង់។
ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិននានា ដូចជាក្រុមហ៊ុន Vanke ដែលគាំទ្រដោយរដ្ឋបាលក្រុងសុិនជិន បានហក់ឡើងថ្លៃ២០ភាគរយកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីកាសែត Bloomberg ចុះផ្សាយថា អាជ្ញាធរចិនគ្រោងចាក់បញ្ចូលមូលនិធិចំនួន៥០ពាន់លានយ័ន(ប្រមាណ៦,៨ពាន់លានដុល្លារអាមេរិក) ទៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានជាប់គាំងសាច់ប្រាក់របស់ក្រុមហ៊ុន Vanke។
បន្ថែមពីលើនោះ អាជ្ញាធរចិនគ្រោងវិភាជន៍ទុនវិនិយោគចំនួន២០ពាន់លានយ័នដែលទទួលបានពីបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ដើម្បីទិញលំនៅដ្ឋានលក់មិនដាច់ និងទិញដីទុកទំនេរចោលរបស់ក្រុមហ៊ុន Vanke។នេះបើយោងតាមកាសែត Bloomberg។

លោក Raymond Cheng នាយកគ្រប់គ្រងក្រុមហ៊ុន CGS International បានលើកឡើងថា“ប្រសិនបើព័ត៌មាននេះជាការពិត នោះហានិភ័យសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីរបស់ក្រុមហ៊ុន Vanke នឹងត្រូវបានដោះស្រាយទាំងស្រុង”។
លោកបន្ថែមថា “ចំណាត់ការនេះក៏ជាសញ្ញាមួយបង្ហាញថា គោលនយោបាយនៃការទិញផ្ទះលក់មិចដាច់ពីអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះបញ្ហាសាច់ប្រាក់ បានចាប់ផ្តើមហើយ។ នេះជាវិធីសាស្ត្រមួយដើម្បីដោះស្រាយបញ្ហាជាប់គាំងសាច់ប្រាក់នៅក្នុងវិស័យអចលនទ្រព្យ”៕ប្រភព: SCMP៕
