តំបន់ហិរញ្ញវត្ថុពិសេសនឹងទាក់ទាញបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅកាន់ប្រទេសម៉ាឡេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេសុីក្នុងការបង្កើតតំបន់ហិរញ្ញវត្ថុពិសេស (SFZ) នៅក្នុងទីក្រុង Forest City ក្នុងរដ្ឋ Johor ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់។

ដោយសារមានទីតាំងភូមិសាស្ត្រនៅជិតប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេទាំងក្នុងតំបន់ និងពិភពលោក ការបង្កើតនូវតំបន់ SFZ របស់ម៉ាឡេសុីបានក្លាយទៅជាការបំពេញបន្ថែមមួយ។

ការណ៍នេះអាចជំរុញឱ្យមានការកើនឡើងនូវតម្រូវការនៃការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុនៅក្នុងតំបន់ SFZ របស់ប្រទេសម៉ាឡេសុី។

លើសពីនេះទៀត ការដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងសិង្ហបុរី(JS-SEZ) បានជួយពង្រឹងសក្តានុពលរបស់តំបន់ SFZ សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

លើសពីនេះ តំបន់ហិរញ្ញវត្ថុពិសេសក៏ផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធ និងការយកចិត្ដទុកដាក់លើនិរន្តរភាព ព្រមទាំងជំរុញបរិយាកាសវិនិយោគអំណោយផលសម្រាប់បណ្តាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ ដូចជាក្រុមហ៊ុន fintech និងការិយាល័យគ្រួសារ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន TA Securities អះអាងថា វិធានការទាំងនេះអាចជួយទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចូលទៅកាន់តំបន់ហិរញ្ញវត្ថុពិសេស។

ការអនុគ្រោះពន្ធសម្រាប់ក្រុមអ្នកជំនាញបរទេស អាចជួយប្រមូលផ្តុំនូវធនធានមនុស្សមានទេពកោសល្យក្នុងប្រទេសម៉ាឡេសុី និងកាត់បន្ថយលំហូរធនធានមនុស្សចេញទៅក្រៅប្រទេសដើម្បីពង្រឹងបន្ថែមទៀតនូវប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់តំបន់ SFZ។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន TA Securities បានព្រមានថា បណ្តាធនាគារក្នុងស្រុកនឹងធ្វើការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង ខណៈធនាគារបរទេសដូចជាធនាគារសិង្ហបុរី UOB និងធនាគារចិន OCBC បានបើកសាខាចំនួន៧ទីតាំង រួចទៅហើយនៅក្នុងរដ្ឋ Johor៕ប្រភព: New Strait Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here