ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនប្រឹក្សាផ្នែកទីផ្សារ Resonance របស់កាណាដា បានឱ្យដឹងថា រាជធានីភ្នំពេញបានជាប់ចំណាត់ថ្នាក់ទី៤១ ក្នុងចំណោមទីក្រុងល្អបំផុតចំនួន១០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ភាពអាចរស់នៅបាន(livability) ភាពទាក់ទាញ និងវិបុលភាព។
របាយការណ៍នោះបានកត់សម្គាល់ថា “ស្លាកស្នាមនៃរបបខ្មែរក្រហមបានរលាយបាត់បន្តិចម្តងៗ ហើយរាជធានីភ្នំពេញកំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់វិនិយោគិន ជនបរទេស និងបណ្តាក្រុមហ៊ុនអាជីវកម្មសកល”។
ក្រុមហ៊ុនប្រឹក្សាផ្នែកទីផ្សារ Resonance បន្តថា “ទីក្រុងភ្នំពេញមានអត្រាអ្នកគ្មានការងារធ្វើទាបបំផុត និងមានអត្រាចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេលំដាប់ទី២ ដែលធ្វើឱ្យទីក្រុងមួយនេះមានវិបុលភាព”។
-->

របាយការណ៍ខាងលើអះអាងថា រាជធានីភ្នំពេញនឹងទទួលបានគម្រោងធំៗដូចជា ការបន្តអភិវឌ្ឍន៍ទីក្រុង Olympia និងការពង្រីកតំបន់កោះពេជ្រ។ ការណ៍នេះនឹងមិនត្រឹមតែកែលម្អសោភណភាពទីក្រុងប៉ុណ្ណោះទេ។ ប៉ុន្តែ ការណ៍នេះថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបណ្តាក្រុមហ៊ុនអន្តរជាតិផងដែរ។
ផ្សារទំនើប Aeon Mall និងសណ្ឋាគារ Raffles Hotel ស្ថិតក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់ពិភពលោក ដែលបានឈានជើងចូលរាជធានីភ្នំពេញ ដោយសារទីតាំងយុទ្ធសាស្ត្រអំណោយផល និងស្ថិរភាពកំណើនសេដ្ឋកិច្ច។
របាយការណ៍បានបន្ថែមថា “គម្រោង The City Center 2 នឹងធ្វើឱ្យប្រសើរឡើងនូវទេសភាពនៅក្នុងទីក្រុងភ្នំពេញ ដោយមានអគារការិយាល័យទំនើប និងលំនៅដ្ឋានប្រណីត ដោយពង្រឹងឋានៈរបស់រាជធានីភ្នំពេញ ក្នុងនាមជាមជ្ឈមណ្ឌលធុរកិច្ចដ៏សំខាន់មួយក្នុងតំបន់”។

របាយការណ៍នេះបានវាយតម្លៃចំណាត់ថ្នាក់ទីក្រុងល្អបំផុតទាំង១០០នៅតំបន់អាសុីប៉ាសុីហ្វិក ដោយប្រមូលស្ថិតិស្នូល និងទិន្នន័យពីក្រុមហ៊ុន Google ទីភ្នាក់ងារ Tripadvisor និងបណ្តាញសង្គម Instagram ដើម្បីធ្វើការវាស់ស្ទង់គុណភាពនៃការរស់នៅក្នុងទីក្រុងនីមួយៗ។
បណ្តាទីក្រុង ដែលឈរនៅលេខរៀងកំពូលទាំង១០ រួមមានដូចជា ទីក្រុងសិង្ហបុរី ទីក្រុងតូក្យូនៃប្រទេសជប៉ុន ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ទីក្រុងហុងកុង ទីក្រុងប៉េកាំងនៃប្រទេសចិន រាជធានីបាងកកនៃប្រទេសថៃ ទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី ទីក្រុងសៀងហៃ ទីក្រុងមែលប៊ន និងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី៕ប្រភព: Time Out Asia៕
