ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពមិនច្បាស់លាស់នៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច អាចជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេល១២ខែបន្ទាប់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។
ការថយចុះនៃអត្រាអតិផរណា និងការទម្លាក់អត្រាការប្រាក់ត្រូវបានគេរំពឹងថានឹងបន្តផ្តល់នូវសន្ទុះវិជ្ជមានមួយចំនួនដល់ទីផ្សារអចលនទ្រព្យសិង្ហបុរីក្នុងឆ្នាំ២០២៥នេះ។
ទោះជាយ៉ាងណាក្តី លោក Moray Armstrong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Singapore បានមានប្រសាសន៍ឱ្យដឹងថា ការរំពឹងទុកចំពោះការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសិង្ហបុរីនៅឆ្នាំ២០២៥អាចជះផលប៉ះពាល់ដល់តម្រូវការអចលនទ្រព្យ។
-->
ជាក់ស្ដែង រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងក្នុងចន្លោះពី១ភាគរយ ទៅ៣ភាគរយនៅឆ្នាំនេះ ថយចុះបើធៀបនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤ភាគរយក្នុងឆ្នាំ២០២៤។

លោក Armstrong បានកត់សម្គាល់ថា កត្តាមួយចំនួនផ្សេងទៀត ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការឡើងកាន់អំណាចជាថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អាចជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យសិង្ហបុរីក្នុងរយៈពេលខ្លី។
ប៉ុន្តែ បើទោះបីជាមានភាពមិនប្រាកដប្រជាបែបនេះយ៉ាងណាក្តី ក៏បណ្តាអ្នកវិនិយោគនៅតែមានឱកាសទាញយកផលចំណេញពីនិន្នាការដែលកំពុងរីកចម្រើន។
លោកស្រី Tricia Song ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ប្រចាំប្រទេសសិង្ហបុរី បានសម្តែងនូវសុទិដ្ឋិនិយមថា ជារួម ទីផ្សារអចលនទ្រព្យសិង្ហបុរីនៅតែមានសភាពរឹងមាំ ដោយសារការផ្គត់ផ្គង់ថ្មីនៅមានកម្រិត និងតម្រូវការមានស្ថិរភាព។
លោកស្រីបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យសិង្ហបុរីនឹងបន្តបង្ហាញពីស្ថិរភាព និងភាពធន់ ដែលអាចទាក់ទាញបណ្តាវិនិយោគិនមកពីជុំវិញពិភពលោក។
យោងតាមទិន្នន័យបង្ហាញថា ការលក់លំនៅដ្ឋានរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសសិង្ហបុរីនៅត្រីមាសទី៤ ឆ្នាំមុន បានកើនឡើង៣ដងដល់ចំនួន៣.៥១១យូនីតធៀបនឹងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ខណៈតម្លៃផ្ទះបានកើនឡើង២,៣% ធៀបនឹងត្រីមាសទី៣។តួលេខនេះជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតក្នុងឆ្នាំ២០២៤៕ប្រភព: Edgeprop៕
