ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនដាក់ចេញនូវបទប្បញ្ញត្តិតឹងរ៉ឹងដើម្បីប្រកួតប្រជែងដោយស្មើភាពជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគបរទេស ពិសេសមកពីប្រទេសចិន។
ការស្នើនេះបានធ្វើឡើង ស្របពេលដែលលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទីផ្សារអចលនទ្រព្យថៃកំពុងតែមានការកើនឡើង ខណៈបណ្តាក្រុមហ៊ុនចិនជាច្រើនបានបង្វែរមូលដ្ឋានទីតាំងផលិតកម្មទៅកាន់ប្រទេសថៃ។
និន្នាការនេះបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយស្របទៅនឹងការផ្លាស់ប្តូរនៃគោលនយោបាយពាណិជ្ជកម្មនៅលើពិភពលោក ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក។
-->
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានបង្ហាញថា ក្រុមវិនិយោគិនចិនបានដាក់ពាក្យស្នើសុំបោះទុនចំនួន១៤៦,៣៦ពាន់លានបាតក្នុងរយៈពេល៩ខែឆ្នាំ២០២៤។

ជាមួយគ្នានេះ ចំនួនក្រុមហ៊ុនថៃ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិចិនបានកើនឡើងដល់ចំនួន២៩.៩១៣ស្ថាប័នគិតត្រឹមដំណាច់ ខែតុលា ឆ្នាំមុន ក្រោមទំហំដើមទុនចុះបញ្ជីសរុបចំនួន៤០៩,៣ពាន់លានបាត កើនឡើង៩,២%។
លំហូរវិនិយោគផ្ទាល់ពីប្រទេសចិនបាននាំឱ្យចំនួនជនជាតិចិន ដែលទទួលបានលិខិតអនុញ្ញាតឱ្យធ្វើការងារនៅក្នុងប្រទេសថៃ(Work permit) កើនឡើង។
ជាក់ស្ដែង គិតត្រឹមខែតុលា ឆ្នាំមុន ជនជាតិចិនប្រមាណ៤១.៧៥២នាក់បានកាន់លិខិតអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃ លើសពីជនជាតិផ្សេងទៀតទាំងអស់។ កត្តានេះបានធ្វើឱ្យជនជាតិចិនមានអំណាចនៃការទិញយ៉ាងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យថៃ។
ក្រុមហ៊ុន Cushman & Wakefield ប្រចាំប្រទេសថៃបានព្យាករណ៍ថា ការមកដល់របស់ជនជាតិចិននៅឆ្នាំ២០២៥នេះ នឹងមានចំនួនលើសពីឆ្នាំ២០២៤។ ជាពិសេស ពួកគេនឹងទិញខុនដូ និងផ្ទះទោលនៅប្រទេសថៃសម្រាប់ជួលបន្ត ឬលក់បន្តទៅកាន់អតិថិជនដទៃ។
យ៉ាងណាមិញ ក្តីបារម្ភត្រូវបានលើកឡើង ខណៈបណ្តាអ្នកវិនិយោគចិនភាគច្រើន ដែលចូលបោះទុនវិនិយោគនៅក្នុងប្រទេសថៃ បាននាំយកអ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ វិស្វករ កម្មករ បច្ចេកវិទ្យាទំនើប និងសម្ភារៈសំណង់ ដែលមានតម្លៃថោក និងអាចរកបានពីប្រទេសចិន។
ម៉្យាងវិញទៀត អង្គភាពរបស់អ្នកវិនិយោគចិនភាគច្រើនបានចុះឈ្មោះជាក្រុមហ៊ុនថៃ ដោយគោរពតាមបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាលថៃ។
ប៉ុន្តែ គេសង្កេតឃើញមានតែជនជាតិចិនប៉ុណ្ណោះ ដែលកាន់មុខតំណែងជាន់ខ្ពស់នៅតាមអង្គភាពទាំងនោះ។ការណ៍នេះអាចធ្វើឱ្យបណ្តាក្រុមហ៊ុនថៃក្នុងស្រុកពិបាកប្រកួតប្រជែង។
លោក Sunthorn Sathaporn នាយកគ្រប់គ្រងក្រុមហ៊ុន Sathaporn Estate បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ថៃកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនមកពីប្រទេសចិន។

លោកបានចង្អុលបង្ហាញថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងឈានជើងចូលប្រទេសថៃដើម្បីសាងសង់គម្រោងលំនៅដ្ឋានសម្រាប់លក់ ខណៈបណ្តាក្រុមហ៊ុនចិនធំៗកំពុងចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍ថៃ។
លោក Pornarit Chounchaisit ប្រធានសមាគមអចលនទ្រព្យថៃ បាន បានកត់សម្គាល់ថា ចាប់តាំងពីមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លំហូរវិនិយោគផ្ទាល់ពីប្រទេសចិនចូលទៅកាន់ប្រទេសថៃបានកើនឡើងកាន់តែខ្លាំង។
ក្រៅពីជ្រើសរើសប្រទេសថៃធ្វើជាមូលដ្ឋានផលិតកម្ម និងការនាំចេញ ក្រុមហ៊ុនចិនទាំងនេះក៏កំពុងទិញដីសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។
លោកបានបញ្ជាក់ថា អ្នកធុរកិច្ចថៃ និងរដ្ឋាភិបាលថៃត្រូវអនុវត្តន៍វិធានការឲ្យបានមុឺងម៉ាត់ដើម្បីដោះស្រាយបញ្ហានេះ ខណៈមានការកើនឡើងនៃចំនួនរោងចក្រចិនខុសច្បាប់ ដែលក្រសួងឧស្សាហកម្មកំពុងចុះត្រួតពិនិត្យ និងបញ្ជាឱ្យបិទទ្វារ៕ប្រភព: The Nation៕